October 27, 2026
 ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈ អភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រី និងកងកម្លាំងចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ខណៈដែលថ្នាក់ដឹកនាំបានកោតសរសើរចំពោះការអនុវត្តការងាររបស់យើងកន្លងមកបានល្អប្រសើរ ទាំងការរក្សាសន្តិសុខ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងការងារ អនាម័យបរិស្ថានជាដើម។...
កំពង់ចាម)៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋាន...
ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរក្រុង ចុះពិនិត្យដោយផ្ទាល់នូវទីតាំងការដ្ឋាន សាងសង់ស្ថានីយ៍ប្រេងឥន្ធនៈ តេលា (TELA) មួយកន្លែង ដែលស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ បន្ទាប់ពីមានការរកឃើញថា ការសាងសង់នេះបានរំលោភបំពានលើដីចំណីផ្លូវសាធារណៈ នារសៀលថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៦។ ក្នុងការចុះពិនិត្យនេះ ឯកឧត្តមអភិបាលខេត្តបានពិនិត្យឃើញថា សំណង់មួយចំនួន នៃស្ថានីយ៍ប្រេងឥន្ធនៈខាងលើ ពិតជាបានសាងសង់លយមកលើដីចំណីផ្លូវ ដែលបង្កឱ្យមានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពចរាចរណ៍ និងសោភណភាពក្រុងពិតប្រាកដមែន។ឯកឧត្តម ខូយ រីដា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា រដ្ឋបាលខេត្តលើកទឹកចិត្តរាល់ការវិនិយោគ និងការរកស៊ីទទួលទានក្នុងខេត្ត ប៉ុន្តែរាល់ការសាងសង់ទាំងអស់ ត្រូវតែគោរពតាមច្បាប់ភូមិបាល និងច្បាប់សំណង់ជាដាច់ខាត។ យើងមិនអាចបណ្តោយឱ្យបុគ្គលណាម្នាក់ ឬក្រុមហ៊ុនណាមួយ មកសាងសង់រំលោភលើទ្រព្យសម្បត្តិរដ្ឋ ឬដីចំណីផ្លូវ ដែលជាប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនោះឡើយ។ ឯកឧត្តមបានបន្ថែមទៀតថា ការអនុវត្តច្បាប់ ម្ចាស់ការដ្ឋានត្រូវតែសហការជាមួយអាជ្ញាធរ ដើម្បីរុះរើផ្នែកដែលរំលោភបំពានចេញជាបន្ទាន់។ ប្រសិនបើមិនមានការកែសម្រួលតាមការណែនាំទេរដ្ឋបាលខេត្តនឹងអនុវត្តវិធានការរដ្ឋបាល និងផ្អាកការសាងសង់ជាបណ្តោះអាសន្ន។ ឯកឧត្តមបានដាស់តឿន សូមឱ្យអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ ត្រូវតាមដានឱ្យបានដិតដល់ ចៀសវាងការសាងសង់ខុសបច្ចេកទេស ឬរំលោភច្បាប់មុននឹងឈានដល់ការបង្ក្រាប។ ជាលទ្ធផល ឯកឧត្តមអភិបាលខេត្ត បានបង្គាប់ឱ្យក្រុមការងារបច្ចេកទេស ធ្វើការវាស់វែងសារជាថ្មីនិងកំណត់ព្រំឱ្យបានច្បាស់លាស់ ដើម្បីឱ្យម្ចាស់ការដ្ឋានធ្វើការកែសម្រួលសំណង់របស់ខ្លួនឱ្យស្របតាមប្លង់ប្រព័ន្ធផ្លូវថ្នល់។ ចំពោះម្ចាស់ការដ្ឋានក៏បានទទួលស្គាល់កំហុសខ្វះខាត និងសន្យាអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត ដើម្បីចូលរួមចំណែករក្សាសណ្តាប់ធ្នាប់ក្នុងក្រុងពោធិ៍សាត់យើងទាំងអស់គ្នា។ ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់
ក្រសួងការពារជាតិ ជឿជាក់យ៉ាងមុតមាំថាវត្តមានរបស់ឯកឧត្តម វ៉ាង យី (WANG Yi) រដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម នាយឧត្តមនាវី តុង ជុន (DONG Jun) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ ការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ព្រមទាំងបាននិងកំពុងខិតខំកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ កម្ពុជាប្តេជ្ញាចិត្ត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយប្រកាន់ខ្ជាប់ឥតងាករេនូវគោលការណ៍ចិនមួយ ។  ក្នុងកិច្ចប្រជុំនេះ ភាគីមិត្តចិនបានបង្ហាញពីការគាំទ្រលើវិស័យយោធាកម្ពុជា ក្នុងការចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធា និងធ្វើទំនើបកម្មយោធា ដែលនឹងពង្រឹងឃឿនការពារជាតិ ដែនទឹក ដែនគោក និងដែនអាកាស ។ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ | ទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ និងតាមរយៈប្រព័ន្ធកម្មវិធីហ៊្សូម(Zoom)។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកអគ្គនាយករងចំណុះឱ្យក្រសួងមហាផ្ទៃ និងតាមបណ្ដាលស្នងការ រាជធានីខេត្តផងដែរ៕ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់នៅតាមសាលាជម្រះក្ដី...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ខែមេសា ឆ្នាំ២០២៦, បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនង រវាងប្រទេសទាំងពីរជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។  ទន្ទឹមនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ ព្រមទាំងបានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់កាណាដា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្ដល់ការគាំទ្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការកាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខា នាពេលខាងមុខឆាប់ៗនេះ។  ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា និងបានបង្ហាញជំនឿជឿជាក់ថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តម, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីនឹងបន្តរីកចម្រើនរឹងមាំ និងកាន់តែស៊ីជម្រៅថែមទៀត។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់កាណាដា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងសក្កានុពលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបានរំលេចអំពីតួនាទី និងបំណងរបស់សហគមន៍ខ្មែរនៅប្រទេសកាណាដា ក្នុងការជួយជំរុញ និងតភ្ជាប់ទំនាក់ទំនងកម្ពុជា-កាណាដាជាពិសេសវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ សម្ដេចធិបតីបានបន្តទៀតថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅប្រទេសកាណាដា ដើម្បីជាស្ពានតភ្ជាប់ និងជួយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យ​កាន់តែខ្លាំងក្លា ថែមទៀត។ សម្ដេចធិបតីបានគូសបញ្ជាក់អំពីការត្រៀមខ្លួនជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។   សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច, ការពារជាតិ និងសន្តិសុខ, ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន៕
នារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ ក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំមមី អដ្ឋស័ក ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោកមេបញ្ជាការរង ជានាយសេនាធិការលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំងនាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវតែធានាឲ្យបានដាច់ខាត ទាំងមធ្យោបាយសម្ភារគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកាតព្វកិច្ចចូលរួម ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលមុខ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ឲ្យដំណើរការទៅបានដោយរលូន ជាពិសេសចូលរួមបង្ការទប់ស្កាត់ និងបង្ក្រាប ក្មេងទំនើង, គ្រឿងញៀន, ល្បែងស៊ីសង, ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scam) ព្រមទាំងបទល្មើសៗផ្សេងៗ ស្របតាមបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ការណែនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕
ភ្នំពេញ ៖ តាមរយៈផ្លូវការ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានបង្ហោះសារមួយផ្ញើដល់យុវជនយុវនារី ក្រោមចំណងជើងថា “អនាគតរបស់ប្អូនៗ លើសពីនៅតាមដងផ្លូវ ចូរជ្រើសយកអំណាចកុំយកពន្ធនាគារ”។ ជាកិច្ចផ្តើមសំណេរ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា ខ្ញុំផ្ញើសារនេះទៅកាន់ប្អូនៗទាំងអស់គ្នា ដែលជាយុវជន ដ៏មានតម្លៃ និងយុវតី ដ៏មានកិត្តិយស ដែលកំពុងឈរនៅត្រង់ចំណុចរបត់ដ៏សំខាន់នៃជីវិត។ ប្អូនៗជាមនុស្សឆ្លាតវៃ! ប្អូនៗជាមនុស្សរឹងមាំ! ប្អូនៗមានសុបិនដែលកំពុងពុះកញ្ជ្រោលនៅក្នុងចិត្ត ប៉ុន្តែឥឡូវនេះ ប្រហែលជាមានគេ កំពុងនិយាយអូសទាញក្នុងត្រចៀកប្អូនៗថា៖ “ចូលមកជាមួយពួកយើង! ពួកយើងការពារអ្នក! ពួកយើង ជាគ្រួសារតែមួយ! យើងនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមានតម្លៃម្នាក់។” ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងសំណេរបន្តផ្តើមដោយសំណួរ និងបរិយាយយ៉ាងដូច្នេះថាតើជាពាក្យសម្តីទាំងអស់នោះមែនទេ? វាជាការបោកប្រាស់ ដែលសម្ងំលាក់ខ្លួនក្រោមភាពស្មោះត្រង់ក្លែងក្លាយ។ ក្រុមក្មេងទំនើងទាំងនោះ មិនអាចផ្តល់អំណាចអ្វីឱ្យប្អូនៗបានទេ តែពួកគេមានតែដកអំណាចចេញពីខ្លួនប្អូនៗទៅវិញទេ។ ពួកគេ សន្យាចំពោះរឿងមានបានអ្វីមួយ ប៉ុន្តែអ្វីដែលពួកគេ ផ្តល់គឺជាខ្សែចងទេ។ ពួកគេ បោកប្រាស់អ្នកដោយបង្ហាញថា បានប្រាក់ បានកិត្តិយស និងបានការគាំពារ ប៉ុន្តែការពិតអ្វីដែលពួកគេ ផ្តល់ដល់ប្អូនៗទាំងអស់គ្នានោះ គឺផ្លូវជាផ្លូវទ័លមួយពោរពេញទៅដោយអំពើហិង្សា ការញៀនថ្នាំ ការជាប់ក្នុងសៀវភៅកំណត់ហេតុរបស់នគរបាល និងការសោកស្តាយតែប៉ុណ្ណោះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសង្កត់ធ្ងន់ថា ចូរប្អូនៗ សាកគិតវាមើលសិន! ការសិក្សាបង្ហាញថា ពេលប្អូនៗ សម្រេចជ្រើសយកវិថីជីវិតបែបនោះ ប្អូនៗនឹងបាត់បង់ឱកាសក្នុងការសិក្សា។ប្អូនៗក៏ត្រូវប្រឈមនឹងការចាប់ខ្លួន រងរបួស ឬអាចមានរឿងរ៉ាវផ្សេងៗទៀត ដែលអាក្រក់ជាងនេះ។ ទោះបីជាប្អូនៗ ចាកចេញពីវាក៏ដោយ ក៏ផលប៉ះពាល់នៅតែបន្តតាមលងបន្លាចប្អូនៗដូចជា៖ពិបាករកការងារធ្វើ ការបាត់បង់ទំនុកចិត្តនិងបញ្ហាសុខភាព ដែលបណ្តាលមកពីសម្ពាធនៃជីវិតតាមចិញ្ចើមផ្លូវទាំងនោះ។  ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានសង្កត់ធ្ងន់បន្តថា តើ “គ្រួសារ” ដែលប្អូនៗបានគិតនោះ អាចជួយប្អូនៗបានមែនទេ? ជាញឹកញយ វាក្លាយទៅជាការដាក់សម្ពាធ ភាពភ័យខ្លាច និងការដើរដល់ផ្លូវទ័លតែប៉ុណ្ណោះ។ មនុស្សជាច្រើន ដែលបានក្លាយជាក្មេងទំនើង រួចហើយ តែងតែនិយាយភាសាដូចៗគ្នាថា ពួកគេ សោកស្តាយនិងចង់ត្រឡប់ក្រោយវិញ។ អ្នកខ្លះ បាត់បង់មិត្តភក្តិ ដោយសារគ្រាប់កាំភ្លើង។ អ្នកខ្លះបាត់បង់អនាគតខ្លួនឯង ដោយសារធ្លាក់ចូលក្នុងបញ្ហាគ្រឿងញៀន ឬដេកក្នុងពន្ធនាគារជាដើម។  ប្អូនៗ មិនគួរធ្លាក់ខ្លួនចូលទៅក្នុងផ្លូវបែបនោះទាល់តែសោះ! ប្អូនៗ កើតមកដើម្បីធ្វើអ្វីៗដែលអស្ចារ្យនិងមានប្រយោជន៍ជាងនេះ។ ក្នុងសំណេរដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចោទជាសំណួរ និងបរិយាយថា តើអ្វីជាអំណាចពិតប្រាកដ? ពេលភ្ញាក់ឡើងរៀងរាល់ព្រឹក ប្អូនៗត្រូវចងចាំថា អនាគតរបស់ប្អូនៗស្ថិតនៅក្នុងដៃប្អូនៗខ្លួនឯង មិនមែននៅក្នុងការបង្គាប់បញ្ជារបស់មេក្រុមក្មេងទំនើងណាម្នាក់នោះទេ។  សំណេរបន្ត ឯកឧត្តមអភិសន្តិបណ្ឌិត បានចោទជាសំណួរ និងបរិយាយបន្តថា តើអ្វីជាកិត្តិយសពិតប្រាកដ? វាកើតចេញពីការកសាងអ្វីដែលមានតម្លៃយូរអង្វែង ដូចជា៖ ការបានបញ្ចប់ការសិក្សាការរៀនយកជំនាញ ការចាប់ផ្តើមអាជីវកម្ម ការបង្កើតស្នាដៃសិល្បៈ ការលេងកីឡា និងការជួយដល់សហគមន៍ជាដើម។  ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចោទជាសំណួរ និងបកស្រាយបន្តថា តើអ្វីជាគ្រួសារពិតប្រាកដ? គឺមនុស្សដែលលើកស្ទួយប្អូនៗ ឱ្យខ្ពស់ឡើង មានដូចជា៖ ឪពុកម្តាយគ្រូបង្រៀន អ្នកណែនាំ និងមិត្តភក្តិដែលជំរុញប្អូនៗ ឱ្យឈានទៅរកភាពជោគជ័យ មិនមែនរស់នៅក្នុងស្ថានភាពឱ្យតែមានជីវិតរស់នោះទេ។ ក្នុងសំណេរបន្ត ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តទៀតថា ខ្ញុំបានឃើញរឿងរ៉ាវជាច្រើន! មានយុវជនល្អៗជាច្រើន ដែលបានបដិសេធចោលនូវការទទួលរងសម្ពាធទាំងនោះ ហើយពួកគេ បានកសាងជីវិតដ៏អស្ចារ្យ។ អតីតសមាជិកក្រុមក្មេងទំនើង ដែលបានប្តូរជីវិត បានរកឃើញគោលដៅជីវិតថ្មី បង្កើតអាជីវកម្ម ក្លាយជាសិល្បករ អ្នកណែនាំ ថែមទាំងបានក្លាយជាអ្នកជោគជ័យធំៗ ដែលជួយអ្នកដទៃ ឱ្យគេចផុតពីអន្ទាក់ដូចគ្នានោះទៀតផង។ ពួកគេ មិនរង់ចាំការអនុញ្ញាតពីអ្នកណានោះឡើយ ប៉ុន្តែពួកគេ ជ្រើសយកវិន័យ ការអប់រំ និងសកម្មភាពវិជ្ជមានដោយខ្លួនឯង។ ពួកគេបានជ្រើសរើសនៅជុំវិញខ្លួនដោយមនុស្សដែលមានគោលដៅក្នុងជីវិត មិនមែនមនុស្សដែលរស់ដោយគ្មានទិសដៅឡើយ។ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្អូនៗ ក៏អាចក្លាយជាមនុស្សល្អ ដូចពួកគេទាំងនោះបានដែរ! ឥឡូវនេះ ពិភពលោក ពោរពេញទៅដោយឱកាសសម្រាប់អ្នកដែលមានថាមពល និងសក្តានុពលដូចប្អូនៗ។ សូមចូលរួមជាមួយក្រុមកីឡាករកីឡាការិនី កម្មវិធីក្រៅម៉ោងសិក្សា ការបណ្តុះបណ្តាលការងារ តន្ត្រី បច្ចេកវិទ្យា ជំនាញវិជ្ជាជីវៈ … ដែលធ្វើឱ្យប្អូនៗ មានកម្លាំងចិត្ត។ ត្រូវបដិសេធរាល់អន្ទាក់អូសទាញទាំងឡាយ និងត្រូវកសាងបុគ្គលិកលក្ខណៈដ៏រឹងមាំសម្រាប់ខ្លួនឯង។ ជាបន្ត ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្ញើសារជូនចំពោះយុវជនទាំងអស់! ជោគវាសនារបស់ប្អូនៗមិនមែនស្ថិតលើការកំណត់របស់ក្រុមក្មេងទំនើងនោះទេ។ វាជារឿងជីវិតផ្ទាល់របស់ប្អូនៗ។ ដូច្នេះប្អូនៗ ត្រូវសរសេរវាសនាជីវិតដោយខ្លួនឯង ដោយភាពក្លាហាន។ ត្រូវដើរចេញពីសម្ពាធទាំងនោះ។ និយាយជាមួយនរណាម្នាក់ដែលប្អូនៗ ទុកចិត្តដូចជា៖ ឪពុកម្តាយ អ្នកជួយប្រឹក្សា ឬគ្រូបង្វឹកជាដើម។ ចូលរួមសកម្មភាពវិជ្ជមាន ចាប់ពីថ្ងៃនេះតទៅ។ សូមបង្កើតជំនាញ ចាប់យកតាមគោលដៅ និងការពារភាពសុខសាន្ត និងអនាគតរបស់ប្អូនៗ។ ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តថា ប្អូនៗ មិនមែននៅឯកោនោះទេ! ប្អូនៗ ជាមនុស្សមានតម្លៃ។ ផ្លូវមិនត្រូវបានបិទសម្រាប់ប្អូនៗនោះទេ ពោលគឺមានតែការសម្រេចចិត្តរបស់ប្អូនៗ នៅថ្ងៃនេះប៉ុណ្ណោះ ដែលអាចកំណត់អនាគតរបស់ប្អូនៗបាន។ ជាបន្ត ឯកឧត្តម បានបន្តទៀយថា ចូរប្អូនៗ ក្រោកឈរឡើង! ត្រូវជ្រើសយកសេរីភាព! ជ្រើសរើសយកភាពរីកចម្រើន! ជ្រើសយកមរតកដែលកូនៗជំនាន់ក្រោយរបស់ប្អូនៗ នឹងមានមោទនភាព មិនមែនមរតកដែលធ្វើឱ្យពួកគេ ខ្លាចនោះទេ។ សូមចាំថា ជីវិតក្នុងក្រុមក្មេងទំនើងបញ្ចប់ដោយភាពងងឹត។ សំណួរ និងការបរិយាយចុងបញ្ចប់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា តើជីវិតពិតរបស់ប្អូនៗ យ៉ាងណាវិញ? វាអាចភ្លឺបំផុតដល់ថ្នាក់បំភ្លឺសហគមន៍ទាំងមូលបានទៀតផង។ ប្អូនៗមានអំណាច។ ចូរប្រើវាដោយគតិបណ្ឌិត។ ពិភពលោកកំពុងរង់ចាំមើលរឿងដ៏អស្ចារ្យ ដែលប្អូនៗនឹងធ្វើ។ តស់! យើងមកសាងអនាគតជាមួយគ្នា តាមផ្លូវដ៏ត្រឹមត្រូវ!!
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ចំណុះរាជធានី ចូលគោរពជូនពរ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។