October 27, 2026
ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត មានប្រសាសន៍ដឹងគុណយ៉ាងជ្រាលជ្រៅជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតប្រធានកិត្តិយសរបស់គណៈកម្មាធិការ ដែលកន្លងមក សម្តេចទាំងទ្វេតែងតែបានគាំទ្រទាំងផ្នែកស្មារតី និងធនធានដើម្បីធានាដល់កិច្ចការលើកកម្ពស់តម្លៃ...
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារជួសជុល កែលម្អ និងសាងសង់អគាររដ្ឋបាល ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦៕
  កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ស្ពឺ សរុបចំនួន៩៩៦នាក់។...
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែសួនសុភី ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ ដែលបានផ្តួចផ្តើមរៀបចំឱ្យមានព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ផ្សារភ្ជាប់មនោសញ្ចេតនាស្រឡាញ់រាប់អាន និងនឹករលឹក សួរសុខទុក្ខដល់ស្រ្តីជាមន្រ្តីចូលនិវត្តន៍ បើទោះបីជាលោកជំទាវ លោកស្រីទាំងអស់ បានចូលនិវត្តន៍ហើយក្តី។ ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត និងលោកជំទាវ អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយនិវត្តជនជាស្ដ្រី របស់ក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកជំទាវប្រធានប្រតិបត្តិ អនុប្រធាន និងសមាជិក សមាជិការគណៈកម្មការសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបញ្ជាក់ថា ពិធីសំណេះសំណាលនេះមានសារៈសំខាន់សម្រាប់ក្រសួងមហាផ្ទៃ ក៏ដូចជាគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ ដោយបង្ហាញពីការយកចិត្តទុកដាក់ចំពោះនិវត្តជនដែលជាស្ត្រី។ បើទោះបីជាលោកជំទាវ លោកស្រី ចូលនិវត្តន៍ក៏ដោយ ក្រសួង នៅតែផ្តល់តម្លៃ ព្រោះនិវត្តជនជាស្ដ្រីទាំងអស់ជាឃ្លាំងចំណេះដឹង និងបទពិសោធ ជួយត្រួសត្រាយផ្លូវសម្រាប់មន្ត្រីជំនាន់ក្រោយ។  លោកជំទាវ ជូ ប៊ុនអេង ប្រធានប្រតិបត្តិគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ត្រូវបានបង្កើតនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ហើយបានប្ដូរឈ្មោះ៤ដងតាមការវិវត្តសង្គម តាំងពីសមាគមនារីសង្គ្រោះជាតិ សមាគមនារីបដិវត្តន៍កម្ពុជា សមាគមនារីកម្ពុជា និងពីឆ្នាំ១៩៩៩ មកដល់បច្ចុប្បន្ន ជាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ សមាគមមានសាខាទូទាំងក្រសួងស្ថាប័ន និងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រមទាំងបណ្តាញដល់មូលដ្ឋាន និងវិស័យឯកជន។  លោកជំទាវប្រធានប្រតិបត្តិ បន្ថែមទៀតថា សមាគមនារី គឺជាកម្លាំងស្ម័គ្រចិត្ត ដើម្បីចូលរួមគាំទ្រគោលនយោបាយជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានប្រកាសជាផ្លូវការនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីរួមគ្នាជាមួយអង្គការយុវជន សហជីព និងរណៈសិរ្សរួបរួមជាតិរំដោះប្រទេសជាតិមាតុភូមិ និងប្រជាជនពីរបបប្រល័យពូជសាសន៍។  លោកជំទាវ បានបញ្ជាក់ថា ចរិតលក្ខណៈរបស់សមាគមនារី គឺផ្តោតលើសាមគ្គីភាព ឯកភាពផ្ទៃក្នុងមិនក្រអឺតក្រទម មិនរើសអើង ទន់ភ្លន់តែម៉ឺងម៉ាត់ ឈរលើអំពើល្អ ចេះជួយទុក្ខធុរៈគ្នា គាំទ្រគ្នា មិនអត្មានិយម មិនឆ្កិះឆ្កៀល ញុះញង់ បំបែកបំបាក់សាមគ្គីភាព ដែលទាំងអស់នេះ ជាមូលដ្ឋានគ្រឹះ ធ្វើឱ្យសមាគមនារី នៅតែមានភាពរឹងមាំ និងស្វាហាប់ ឆ្ពោះទៅមុខ និងរីកចម្រើនឥតឈប់ឈរ។  គួរបញ្ជាក់ថា គណៈកម្មការសាខាសមាគមនារីក្រសួងមហាផ្ទៃ បានរៀបចំរចនាសម្ព័ន្ធដែលមានសមាសភាពជាអាទិ៍ ថ្នាក់កិត្តិយស មានសមាសភាព ចំនួន ១៥រូប ថ្នាក់ប្រតិបត្តិមាន ៥៥រូបលេខាធិការដ្ឋានជាសេនាធិការមាន ៤៦រូប អនុសាខាសមាគមនារី នៅតាមបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ និងថ្នាក់ស្មើ ចំនួន ៦ ដែលមានថ្នាក់កិត្តិយស មាន ៤១រូប ជាប្រធាន និងឧត្តមភរិយាថ្នាក់ដឹកនាំអង្គភាព ថ្នាក់ប្រតិបត្តិ មាន ១១៦រូប និងសមាជិកដែលចុះបញ្ជីមាន ៥០០រូប៕
ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងបរិបទនៃយុគសម័យឌីជីថលសេរីភាពសារព័ត៌មានគឺការចូលរួមក្នុងការលើកកម្ពស់សន្តិសុខព័ត៌មានដែលចាំបាច់ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ដើម្បីរួមចំណែកដល់ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។ ឯកឧត្តម នេត្រ ភត្រា បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ដែលមានការចូលរួមពីសំណាក់អ្នកសារព័ត៌មាននិងតំណាងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាយ៉ាងច្រើនកុះករ។ នាឱកាសនោះផងដែរ ឯកឧត្តម នេត្រ ភត្រា ក៏បានថ្លែងបន្តថា បើទោះបីការអនុវត្តការងារសារព័ត៌មាន បានប្រព្រឹត្តទៅក្នុងកាលៈទេសៈប្រទេសជួបវិបត្តិដោយសារការឈ្លានពានប្រដាប់អាវុធខុសច្បាប់របស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ក៏លំហសេរីភាពនិងបរិយាកាសសម្រាប់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ត្រូវបានធានា និងបន្តលើកកម្ពស់នៅក្នុងក្របខណ្ឌនៃការគោរពច្បាប់ និងក្រមសីលធម៌ត្រឹមត្រូវ ដើម្បីលើកកម្ពស់ការគោរពច្បាប់ការទទួលខុសត្រូវ និងបរិយាកាសព័ត៌មានដែលមានតុល្យភាពរវាងសេរីភាព និងស្ថិរភាពសង្គម៕
  បន្ទាប់ពីមានការណែនាំពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឱ្យពិនិត្យលើទិដ្ឋភាពច្បាប់ សម្រាប់អនុវត្ដចំពោះក្មេងទំនើង, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។    នៅក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ព្រមទាំងព្រះរាជអាជ្ញានៃអយ្យការអមសាលាជម្រះក្តីមួយចំនួន។   កិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការចាំបាច់ និងសមស្របទៅនឹងបរិបទសង្គម ដើម្បីឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើង ប្រកបដោយប្រសិទ្ធភាព និងបម្រើដល់ប្រយោជន៍របស់សង្គមជាតិ ព្រមទាំងការគិតគូរអំពីវិធានការដែលផ្តោតលើការអប់រំ កែប្រែ និងស្តារនីតិសម្បទារបស់ក្មេងទំនើង សំដៅធានាការធ្វើសមាហរណកម្មវិលត្រឡប់ចូលសង្គមវិញដោយជោគជ័យ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
  ដោយមានការយកចិត្តទុកដាក់ពី  ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ បានចាត់តំណាង លោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នាំយកនូវថវិកាមួយចំនួនចុះសួរសុខទុក្ខលោកវរៈសេនីយ៍ត្រី ដេត ឧត្តម នាយផ្នែកនគរបាលយុត្តិធម៌ ចំណុះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដែល កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសុមៈ ក្នុងពេលចុះបំពេញភារកិច្ចបង្ក្រាបមុខសញ្ញានៅក្នុងភូមិសាស្ត្រ ខណ្ឌសែនសុខ  នូវថវិកាចំនួន ៧,៣៩០,០០០រៀល ។  តាំងនាមខ្ញុំបាទវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ តំណាងឲ្យមន្រ្តីក្រោមឱវាទ សូមគោរពជូនពរឯកឧត្តម និងសប្បុរសជនទាំងអស់ ជួបនូវពុទ្ឋពរទាំង ០៤ប្រការគឺ អាយុវណ្ណៈ សុខះ ពលះ បដិភានៈកុំបីឃ្លៀងឃ្លាតឡើយ ។
នារសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ លោកមេបញ្ជាការរង  ប្រធានមន្ទីរទាំង៧នាយការិយាល័យជំនាញ មេបញ្ជាការ វរសេនាតូច កងរាជអាវុធហត្ថចល័ត មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ព្រមទាំងអាវុធហត្ថពាក់ព័ន្ធ បានចូលរួមស្តាប់ការប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថឲ្យចូលសោធននិវត្តន៍ តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា នៅថ្ងៃអង្គារទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៣:៣៥នាទីរសៀល ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើទស្សនកិច្ចលើកទី២ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះសង្កេតការណ៍នៅ ច្រកជ័យជំនះ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា ដែលកងទ័ពថៃបានកាន់កាប់ដោយខុសច្បាប់ ហើយបន្តដាក់ពង្រាយទូកុងតឺន័រ និងបន្លាលួស។  រាជរដ្ឋាភិបាល និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគី ដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។   អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕  ថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖នៅថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចជូនក្រុមអនុព័ន្ធយោធាបរទេស(MACPP) ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅកាន់ខេត្តមួយចំនួនក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងអំឡុងពេលដែលកំពុងអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរ។    ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។   អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃអង្គារ ១២កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៦