April 15, 2026
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិស្ដីពីទស្សនកិច្ចរបស់អង្គទូតទៅកាន់តំបន់ព្រំដែនក្នុងខេត្តពោធិ៍សាត់ចុះបានឲ្យដឹងថា នៅថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិបានដឹកនាំអង្គទូតនិងតំណាងអង្គការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជាទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ គណៈប្រតិភូបានចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយពលរដ្ឋភៀសសឹកកម្ពុជាចំនួន៧៦គ្រួសារដែលកំពុងរស់នៅក្នុងជំរំស្នាក់នៅបណ្តោះអាសន្នក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅក្នុងស្រុកវាលវែង ចាប់តាំងពីមានការប្រយុទ្ធគ្នានៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងដែលមិនទាន់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួន ដែលស្ថិតក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ។ បន្ទាប់មក គណៈប្រតិភូបានចុះពិនិត្យស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនជ័យជំនះ(ច្រកទ្វារព្រំដែនថ្មដា) ក្នុងឃុំថ្មដា ដែលកងទ័ពថៃបានរាយបន្លាលួសនិងដាក់ទូកុងតឺន័រដោយរាប់បញ្ចូលទាំងទូកុងតឺន័រចំនួន៣បន្ថែមទៀតដែលបានដាក់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីបិទផ្លូវជាតិលេខ៥៥ និងបិទផ្លូវចូលផ្ទះសម្បែងនិងដីធ្លីរបស់ពលរដ្ឋភៀសសឹក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនានាដោយប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍របស់កម្ពុជាថាខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ៕
នាពេលកន្លងមក នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានផ្សព្វផ្សាយរួចមកហើយ ចំពោះករណីមានជនអនាមិកមានការចែកចាយមេរោគក្នុងទម្រង់ជាប្រភេទ .exe (Executable File) ផ្ញើមកកាន់គណនីអ្នកប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមតេលេក្រាម (Telegram) ដែលមេរោគប្រភេទនេះអាចលួចទិន្នន័យអ្នកប្រើប្រាស់ ប៉ុន្តែថ្មីៗនេះ នាយកដ្ឋាន សង្កេតឃើញថា ជនអនាមិកបានវិវឌ្ឍន៍ដោយធ្វើការចែកចាយមេរោគប្រភេទដដែលនេះ ដោយប្រើប្រាស់ឈ្មោះឯកសារផ្សេងៗ ដូចជា រូបភាពអំពីការស្លាប់,...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា កន្លងទៅមានបញ្ហាមួយចំនួនបានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា ដូចជា បញ្ហាឆបោកតាមអនឡាញ ដែលនេះមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជាទេ។ សម្តេចបញ្ជាក់ថា ដើម្បីបោសសម្អាតបញ្ហានេះ កម្ពុជាត្រូវមានម្ចាស់ការដោយខ្លួនឯង ហើយកម្ពុជាបានប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសScam Online នេះ។  សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈបញ្ជាការខេត្តដែលបានប្តេជ្ជាចិត្តខ្ពស់ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ហើយធ្វើយ៉ាងណាកុំឱ្យខេត្តស្វាយរៀងមានកេរ្តិ៍ឈ្មោះទៅជាមានបញ្ហាអសន្តិសុខដោយសារបញ្ហា Scam Online  ពីព្រោះទាំងសេដ្ឋកិច្ចពណ៌ខ្មៅ និងសេដ្ឋកិច្ចប្រផេះ វាប៉ះពាល់ហើយ ប៉ុន្តែតែត្រូវធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចពណ៌សដើរមុខគេរួមមាន៖ រោងចក្រ សហគ្រាស ដើម្បីបង្កើតឱកាសការងារមិនត្រឹមក្រុងបាវិតមួយនោះទេ គឺពង្រីកវិសាលភាពដល់ខេត្តផ្សេងៗទៀត។ ហើយសេវាគាំទ្រក៏កើតមានទាំងសណ្ឋាគារ ទាំងភោជនីយ៍ដ្ឋានក៏បម្រើឱ្យសេដ្ឋកិច្ចការងារផងដែរ។ ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងជំរុញឱ្យអភិបាលខេត្តស្វាយរៀងគណៈបញ្ជាខេត្ត និងគណៈបញ្ជាការឯកភាព ជាពិសេសនៅខាងក្រុងបាវិត ក្រុងស្រុកទាំងអស់ត្រូវធ្វើយ៉ាងណាបង្កើតរក្សាឱ្យបានសន្តិសុខ សណ្តាប់ធ្នាប់ ព្រោះសន្តិសុខ សណ្តាប់ធ្នាប់នេះពិតជាសំខាន់ដែលពាក់ព័ន្ធទៅដល់រូបភាព កេរ្តិ៍ឈ្មោះរបស់ខេត្ត។ សម្តេចថា បើបញ្ហាសន្តិសុខសុវត្ថិភាពល្អ សណ្តាប់ធ្នាប់ល្អ គឺជាបរិយាកាសបរិស្ថានល្អ ដើម្បីទាក់ទាញអ្នកវិនិយោគ និងបង្កើនវិនិយោគ បង្កើតឱ្យមានក្តីសង្ឃឹម ដែលថា ២០ឆ្នាំទៀត រោងចក្រមិនត្រឹមតែមាននៅក្រុងបាវិតប៉ុណ្ណោះទេ និងកើតមានជុំវិញខេត្តបន្ថែមទៀត។ នេះជាអ្វីដែលយើងត្រូវរួមគ្នាអនុវត្តទាំងអស់គ្នា៕
តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្នុងបរិបទដែលបណ្តាញសង្គមជាពិសេស facebook និងtiktok ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ននិងជាមធ្យោបាយទទួលព័ត៌មានមួយយ៉ាងសំខាន់, មានក្រុមនិងប្រភពព័ត៌មានមួយចំនួនដែលមានមូលដ្ឋានពីក្រៅប្រទេស កំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានបំភ្លៃ និងព័ត៌មានបំផ្លើសដោយមានចេតនាបង្កការភាន់ច្រឡំជាពិសេសទាក់ទងនឹងសភាពការណ៍នៅតាមខេត្តបណ្តោយព្រំដែន បង្កភាពចលាចលក្នុងសង្គមនិងប៉ះពាល់ដល់ស្ថិរភាពសាធារណៈនិងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម នេត្រ ភក្រ្តា ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿ មិនត្រូវចែករំលែកនិងមិនត្រូវធ្វើការសន្និដ្ឋានលើព័ត៌មានណាមួយដែលមិនមានប្រភពច្បាស់លាស់ឬមិនមានការបញ្ជាក់ពីស្ថាប័នផ្លូវការឡើយ ហើយឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់និងតាមដានព័ត៌មានតែពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ច ដូចជា សេចក្តីប្រកាសផ្លូវការ ស្ថាប័នព័ត៌មានជាតិនិងប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈនិងគោរពតាមស្តង់ដារសារព័ត៌មាន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនចូលរួមជាដៃគូក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដោយត្រូវពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក (Think Before You Share) និងរួមគ្នាការពារបរិយាកាសព័ត៌មានឱ្យមានភាពស្អាតស្អំ តម្លាភាព និងទទួលខុសត្រូវ។ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រុងប្រយ័ត្នរបស់បងប្អូន គឺជាកម្លាំងសំខាន់ក្នុងការការពារសន្តិសុខព័ត៌មាន ស្ថិរភាពសង្គមនិងផលប្រយោជន៍ជាតិ៕
នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃខួបអនុស្សាវរីយ៍លើកទី៤ នៃថ្ងៃបង្កើតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ២៤ មីនា ២០២២-២៤ មីនា ២០២៦។ ផ្តើមចេញពីកម្លាំងមហាសាមគ្គី និងការលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតីព្រមទាំងធនធានផ្ទាល់ខ្លួន របស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា IPA ទាំងថ្នាក់កណ្តាល និងថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ព្រមទាំងអង្គភាពសារព័ត៌មាន ជាសមាជិក IPA បានធ្វើឱ្យ IPA សម្រេចបានបេសកកម្មរបស់ខ្លួន ក្នុងការជួយដល់វិស័យសារព័ត៌មាន និងប្រជាពលរដ្ឋ ព្រមទាំងសង្គមជាតិទាំងមូល អស់រយៈពេល ៤ឆ្នាំ កន្លងមកនេះ។ ក្នុងឱកាសខួបលើកទី៤ នៃថ្ងៃបង្កើត IPA នៅថ្ងៃនេះ IPA សូមបង្ហាញសមិទ្ធផលខ្លះៗ ដែលសម្រេចបានក្នុងរយៈពេល ៤ឆ្នាំ មកនេះ ដែលជាអាទិ៍ ៖ ✍️វិស័យសារព័ត៌មាន 👉បានរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដល់បងប្អូនអ្នកសារព័ត៌មានទូទៅ និងអ្នកប្រើបណ្តាញសង្គម ចំនួន ៤លើក (នៅរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ) ដែលមានសិក្ខាកាមចូលរួមសរុប ចំនួន ២ ០៥០អង្គ/នាក់ 👉អង្គភាពសារព័ត៌មាន ចំនួន ៨៤អង្គភាព ជាសមាជិក បានចូលរួមផ្សព្វផ្សាយពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័នថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ គោលនយោបាយ”ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” … រាប់ម៉ឺនព័ត៌មាន។ 👉ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅកម្ពុជា 👉ចូលរួមទប់ស្កាត់ និងវាយបកចំពោះសារព័ត៌មានថៃ ដែលផ្សព្វផ្សាយព័ត៌មានមិនពិត ញុះញង់បំបែកបំបាក់ និងបង្កាច់បង្ខូចកម្ពុជា ពិសេសក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ 👉ចូលរួមផ្សព្វផ្សាយសាររបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។ ✍️ការងារសង្គម និងមនុស្សធម៌ 👉ចូលរួមមូលនិធិរាជរដ្ឋាភិបាល កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន 👉ផ្តល់ជំនួយជូនប្រជាពលរដ្ឋភៀសសឹក 👉ផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ 👉ចូលរួម និងឧបត្ថម្ភក្នុងវិស័យសាសនា 👉ចូលរួមដាំដើមឈើ  👉ផ្សព្វផ្សាយច្បាប់ទូទៅ ...
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីដោយសន្សំសំចៃថាមពលអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ ប្រេងឥន្ធនៈ និងអគ្គិសនីដើម្បីចូលរួមឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខលើការកើនឡើងយ៉ាងគំហុក នៃតម្លៃប្រេងឥន្ធនៈសកលបណ្តាលពីសង្គ្រាម នៅមជ្ឈិមបូព៌ា ស្របពេលនឹងរដូវប្រាំងដែលអាកាសធាតុក្តៅ អគ្គិសនីកម្ពុជា បានស្នើសុំចំពោះអតិថិជនអ្នកប្រើប្រាស់ថាមពល អគ្គិសនីទាំងអស់ មេត្តាចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីតាមសកម្មភាព ដូចខាងក្រោម៖ ១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសក្នុងនោះចំពោះបរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាប្រចាំ  ២. កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូលបំភ្លឺឱ្យអស់លទ្ធភាព – បិទភ្លើងបំភ្លឺ និងម៉ាស៊ីនត្រជាក់ ក្នុងការិយាល័យ ឬបន្ទប់ ពេលគ្មានវត្តមានអ្នកប្រើប្រាស់ – ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ត្រូវកំណត់សីតុណ្ហភាពមិនក្រោម ២៤°C – កុំបិទវាំងនន ហើយបែរជាបើកភ្លើងបំភ្លឺច្រើន ៣. បិទ/ផ្តាច់/ដកឌុយសាក សម្ភារបរិក្ខារអគ្គិសនីពេលមិនប្រើប្រាស់ (ទូរទស្សន៍ កង្ហារ ខ្សែរសាក។ល។)  ៤. នៅពេលទិញសម្ភារថ្មី សូមជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ដែលមានប្រសិទ្ធភាពខ្ពស់ប្រើប្រាស់ថាមពល អគ្គិសនីតិច ដែលមានស្លាកសញ្ញាត្រឹមត្រូវ ៥. កាត់បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរ ចំពោះទ្វារបន្ទប់ ឬទ្វារទូរទឹកកក ដែលធ្វើឱ្យខ្យល់ ត្រជាក់ចេញ នាំឱ្យម៉ាស៊ីនត្រជាក់ ទូរទឹកកកប្រើប្រាស់ថាមពលច្រើន ដូច្នេះត្រូវបិទទ្វារនិងបង្អួច ឱ្យបានជិតល្អពេលម៉ាស៊ីនត្រជាក់កំពុងដំណើរការ។ ជាមួយគ្នានោះផងដែរ អគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា ការជួយសន្សំសំចៃថាមពលអគ្គិសនីគឺចូលរួមចំណែកយ៉ាងសំខាន់ជួយកាត់បន្ថយចំណាយថ្លៃដើម ក្នុងការផលិតថាមពលអគ្គិសនីពីប្រេង ដែលកំពុងទទួលរងផលប៉ះពាល់ពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈសកល ក៏ដូចជាកាត់បន្ថយការចំណាយទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផងដែរ។ ដូចនេះ អគ្គិសនីកម្ពុជាសង្ឃឹមយ៉ាងមុតមាំលើស្មារតីចូលរួមសហការរបស់អតិថិជន និងសាធារណជនទាំងអស់ ក្នុងការចូលរួមអនុវត្តការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីឱ្យអស់លទ្ធភាព នៅក្នុងស្ថានភាពចំពោះមុខនេះ៕
ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនមូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនមូស្លីមនៅទូទាំងសកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ខែមីនា ឆ្នាំ២០២៦។  ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនមូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ក៏ដូចជាជំនឿជឿជាក់និងគាំទ្រឥតងាករេ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ការពារបូរណភាពទឹកដី ហើយនឹងថែរក្សាបានយ៉ាងល្អ នូវគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅប្រទេសកម្ពុជា ដែលបានស្វែងរកមកយ៉ាងលំបាក ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ក្រោយពីរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃដែលបានលុបបំបាត់ចោលនូវជំនឿសាសនាទាំងស្រុងនៅកម្ពុជា។  សូមព្រះអល់ឡោះ ផ្តល់នូវសេចក្តីសុខស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និងចម្រេីនព្ហេីរ៉កាត់ ជូនដល់បងប្អូនមូស្លីមទាំងអស់ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក និងសូមជូនពរបងប្អូនមូស្លីមទាំងអស់ ដែលបានបំពេញកាតព្វកិច្ចបួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ និងសូមជូនពរដល់បងប្អូនមូស្លីមទាំងអស់ ដែលមានបំណងធ្វើការបន្តអំណត់បួស ៦ថ្ងៃបន្ថែមដោយស្ម័គ្រចិត្តក្នុងខែស្ហាវ៉ាល់ ប្រព្រឹត្តទៅដោយជោគជ័យ ។
នៅពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំ និងសាធារណជនទទួលស្គាល់ថាជាស្ថាប័នឈានមុខមួយ ទាំងផ្នែករចនាសម្ព័ន្ធ ថវិកាទ្រទ្រង់ហេដ្ឋារចនាសម្ព័ន្ធផែនការ និងសកម្មភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបន្តជំរុញនិងលើកទឹកចិត្តឱ្យស្ថាប័នមួយនេះ ខិតខំបំពេញបេសកកម្មមនុស្សធម៌ ឱ្យបានសកម្ម និងចំគោលដៅ ដើម្បីរួមចំណែកសម្រេចទិសដៅរួមរបស់កាកបាទក្រហមកម្ពុជា ឆ្លើយតបតម្រូវការចាំបាច់របស់ជនរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។  ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវ ក្នុងពិធីសម្ពោធអគារសិក្សា ២ខ្នង មាន៨កន្លែង និងកន្លែងលាងដៃ ១០កន្លែង នៅមត្តេយ្យសិក្សាពោធិ៍ជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលបានអនុវត្តលើវិស័យទាំង៤ និងគោរពគោលការណ៍គ្រឹះទាំង៧។ គោលការណ៍ទាំងនោះ មានជាអាទិ៍ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត្យឯករាជភាព សេវាស័្មគ្រចិត្ត ឯកភាព និងសកលភាព ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា។  បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បេសកកម្មសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងមិនមែនផ្ដោតតែលើមូលដ្ឋានខេត្តប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកវិសាលភាពរួមចំណែកជួយជាតិនិងប្រជាជនក្នុងបេសកម្មមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ជាច្រើនសកម្មភាពទៀត ក្នុងនោះជាពិសេសចុងក្រោយនេះ បានចូលរួមចំណែកគាំទ្រការសម្រាលទុក្ខលំបាកនិងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋភៀសសឹក និងជនងាយរងគ្រោះ ដោយសារអំពើឈ្លានពានដែនអធិបតេយ្យកម្ពុជា និងរំលោភច្បាប់អន្តរជាតិពីសំណាក់រដ្ឋាភិបាល និងយោធាថៃ។ ឯកឧត្តម បានសង្កត់ធ្ងន់ក្នុងន័យដើមថា “យើងម្នាក់ៗនៅមានកាតព្វកិច្ចរួមចំណែកជួយប្រជាពលរដ្ឋភៀសសឹកជាង៣ម៉ឺននាក់ទៀតដែលមិនទាន់អាចវិលទៅលំនៅឋាន”។  សូមបញ្ជាក់ថា ពិធីសម្ពោធសមិទ្ធផលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នាថ្ងៃនេះរួមមាន៖ អគារមតេ្តយ្យសិក្សាពោធិ៍ជ្រៃចំនួន១ខ្នង បណ្ដោយ៣២ម៉ែត្រ ទទឹង១១,២ម៉ែត្រកម្ពស់៤,១ម៉ែត្រ ស្មើនឹង៤បន្ទប់ មានបំពាក់សម្ភារសិក្សា គ្រឿងសង្ហារឹម បន្ទប់អនាម័យ៨ កន្លែងលេងកម្សាន្តកុមារ១ និងរៀបចំបន្ថែម សួនក្រាលស្មៅចំនួន១.១៧៦ម៉ែត្រការ៉េ ចាក់បេតុង២២៦ម៉ែត្រការ៉េ និងធ្វើរបង១១៥,៧ម៉ែត្រ ចំណាយថវិកាសរុប ៨៧.៥០០ដុល្លារ។ សមិទ្ធផលអគារមួយទៀតគឺអគារមត្តេយ្យសិក្សារោងដំរី ១ខ្នង បណ្ដោយ៣២ម៉ែត្រ ទទឹង១១,២ម៉ែត្រកម្ពស់៤,១ម៉ែត្រ ស្មើនឹង៤បន្ទប់ បំពាក់សម្ភារសិក្សា និងគ្រឿងសង្ហារឹម និងមានបន្ទប់អនាម័យ៨ចំណាយថវិកាអស់ ៧០ ០០០ដុល្លារ។  ដោយឡែកសមិទ្ធផលដែលបានដាក់បញ្ចូលក្នុងពិធីសម្ពោធនាឱកាសនោះដែរ រួមមាន៖កន្លែងលាងដៃ ចំនួន ១០កន្លែង នៅវិទ្យាល័យចំនួន ៩ និងអនុវិទ្យាល័យ ចំនួន ១ ក្នុងក្រុង-ស្រុក ចំនួន ៨គឺក្រុងព្រៃវែង ១កន្លែង ស្រុកស្វាយអន្ទរ ១កន្លែង ស្រុកកញ្ជ្រៀច ១កន្លែង ស្រុកស៊ីធរកណ្ដាល១កន្លែង ស្រុកពារាំង ១កន្លែង ស្រុកពាមជរ ៨កន្លែង ស្រុកពោធិ៍រៀង ១កន្លែង និងស្រុកបាភ្នំ១កន្លែង ដោយសមិទ្ធផលទាំងនេះ ចំណាយថវិកាសរុបចំនួន ១៩ ៥០០ដុល្លារ៕
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ គឺកសាងចាប់ពីទីប្រជុំជនស្គន់រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ ដោយគម្រោងសាងសង់ កំពុងដំណើរការយ៉ាងរលូន និងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីបញ្ចប់គម្រោងឱ្យបានលឿន នៅក្នុងឆ្នាំនេះ និងមុនការគ្រោងទុក ព្រោះថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិ–ឧស្សាហកម្ម ទេសចរណ៍ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច–សង្គមជាតិនានាផងដែរ។
ប្រតិមាឬបដិមា ព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកេរ នាស.វ.ទី១០នៃគ.ស. បានឈរត្រដែតឡើងវិញ បន្ទាប់ពីបានជួសជុលអស់រយៈពេលជាង៥ឆ្នាំ ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា សហការជាមួយអភិក្សដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា និងមានការគាំទ្រពីសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ (ALIPH)។ មុនអំឡុងផ្គុំរូបរាងឡើងវិញ  បដិមាព្រះសិវៈរាំនេះ  ស្ថិតក្នុងស្ថានភាពដួលបែកបាក់ច្រើនជាង១០០០០បំណែក ដោយអំពើលួចប្លន់ក្នុងអំឡុងសង្គ្រាមស៊ីវិល។អ្នកជំនាញបានចំណាយពេលជាង៥ឆ្នាំក្នុងការផ្គុំរូបរាងឡើងវិញបានសម្រេចជាស្ថាពរហើយតម្កល់ទុកបណ្តោះអាសន្ននៅអភិរក្សដ្ឋានអង្គរក្នុងក្រុងសៀមរាបខេត្តសៀមរាប និងបានរៀបចំពិធីអបអរសាទរនារាត្រីទី១៨ខែមីនាឆ្នាំ២០២៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ប្រតិមាព្រះសិវៈនេះ ត្រូវបានប្រមូលនិងរក្សាទុកនៅឆ្នាំ២០១២ដើម្បីចុះបញ្ជីនិងកំណត់ប្រភេទជាក្រុមតាមទម្រង់។រាល់ដំណាក់កាលជួសជុលនីមួយៗក្រុមអ្នកជំនាញសុទ្ឋតែជជែកពិភាក្សាពិនិត្យនិងអនុម័តដោយគណៈកម្មាធិការបច្ចេកទេសដើម្បីធានាថាការអភិរក្សគោរពតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈនៃការអភិរក្សព្រមទាំងភាពធន់រឹងមាំយូរអង្វែង។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងដោយក្តីសោមនស្សនិងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកជំនាញ នៃសាលាបារាំងចុងបូព៌ា គណៈកម្មាធិការបច្ចេកទេស និងដៃគូសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ ចំពោះការខិតខំស្តារនិងស្រោចស្រង់ផ្គុំរូបរាងបដិមាព្រះសិវៈនេះឱ្យរស់ឡើងវិញសារជាថ្មី នូវស្នាដៃដូនតាខ្មែរដែលមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយនិងនិងសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ព្រះរាជាណាចក្រកម្ពុជា។លោកជំទាវមានប្រសាសន៍ថា៖រូបបដិមានេះជារូបបដិមាធំជាងគេនៅក្នុងប្រទេសកម្ពុជានិងចាត់ទុកជាបដិមាដ៏ធំមួយដែរនៅតំបន់អាស៊ីអាគ្នេយ៍ ហើយការជួសជុលលេចចេញជារូបរាងឱ្យរស់ឡើងវិញនេះ ជាការផ្តល់នូវព្រលឹងនិងជំនឿ ក៏ដូចជាការតភ្ជាប់នូវអតីតកាលដ៏រុងរឿងរបស់ប្រទេសកម្ពុជាជាមួយនឹងសម័យបច្ចុប្បន្ន។លោកជំទាវសង្ឃឹមថា៖រូបបដិមាដ៏ធំ នេះនឹងវិលត្រឡប់ទៅកាន់ទីតាំងដើមនៅប្រាសាទកោះកេរ្តិ៍វិញទុកជាទីសក្ការៈសម្រាប់ការគោរពទៅតាមេជំនឿទំនៀមទំលាប់ពីដូនតាខ្មែរនិងជាការទាក់ទាញលំហូរទេសចរទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍កាន់តែច្រើនឡើងជាលំដាប់៕