អាវុធហត្ថរាជធានីភ្នំពេញបញ្ជូនខ្លួនក្មេងទំនើង០៤នាក់ទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា!
យោងតាមរបាយការណ៍សមត្ថកិច្ច កាលពីវេលាម៉ោង ២១ និង៤០នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦មានករណីហិង្សា បង្កឡើងដោយក្មេងទំនើងចំនួន ០២ក្រុម មានគ្នាប្រមាណ១០នាក់ បានធ្វើសកម្មភាពវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសស្រាលទាំងសងខាង និងធ្វើឲ្យខូចខាតសម្ភារៈមួយចំនួនក្នុងក្លឹប ខណៈពេលដែលភាគីទាំងសងខាងចូលលេងកម្សាន្តនៅក្នុងក្លឹប និងភោជនីយដ្ឋាន រ៉ូលលើ ចំណុចផ្លូវលេខ២៨៧ កែងនិងផ្លូវលេខ៥៦៦ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌទួលគោក ចុះដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនបានក្មេងទំនើងទាំងសងខាងចំនួន០៤នាក់ រួមមាន៖ ១-ឈ្មោះ ទាងលឹម ច័ន្ទនា ភេទប្រុស អាយុ១៧ឆ្នាំ, ២-ឈ្មោះម៉េងហេង ចាន់ត្រា ភេទប្រុសអាយុ១៧ឆ្នាំ, ៣-ឈ្មោះ ឃុន ទី ភេទប្រុស អាយុ១៨ឆ្នាំ, ៤-ឈ្មោះឡុង ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ បញ្ជូនទៅការិយាល័យជំនាញ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ក្រោមវិធានការជំនាញក្មេងទំនើងទាំង០៤នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើហិង្សាវាយគ្នាទៅវិញទៅមកដូចការរៀបរាប់ខាងលើ ប្រាកដមែន។
ក្មេងទំនើងទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលមានពាក់ព័ន្ធក្នុងអំពើហិង្សាខាងលើ ហើយកំពុងរត់គេចខ្លួន សមត្ថកិច្ចជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕


