សម្តេចតេជោ ហ៊ុន សែន បង្ហាញភាពរីករាយចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនៅតាមតំបន់ព្រំដែនកម្ពុជា-ឡាវ
ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្ដមឧត្ដមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត អនុរដ្ឋមន្ដ្រីក្រសួងការពារប្រទេសនិងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវភាពរីករាយចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនៅតាមព្រំដែនរវាងកម្ពុជានិងឡាវដែលមានមកជាមួយគ្នានាពេលកន្លងមក ហើយសម្តេចតេជោសង្ឃឹមនិងជំរុញបន្ថែមឱ្យអាជ្ញាធរក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរកម្ពុជា-ឡាវធ្វើការជាមួយគ្នាបន្ថែមទៀតដើម្បីធ្វើយ៉ាងណារក្សានូវសន្តិភាព សន្តិសុខនៅតាមព្រំដែនឱ្យកាន់តែល្អប្រសើរបន្តទៀត។
ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែនបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្ដមអនុរដ្ឋមន្ដ្រីក្រសួងការពារជាតិ រួមទាំងប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានាពេលនេះនិងបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្ដមអនុរដ្ឋមន្ដ្រីការពារជាតិឡាវមកកាន់កម្ពុជាក្នុងឱកាសនេះនឹងក្លាយជាចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជានិងឡាវឱ្យកាន់តែរីកចម្រើនបន្ថែមហើយនិយាយដោយឡែកគឺទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្តល់យោបល់ឱ្យធ្វើកិច្ចសហប្រតិបត្តិការនៅតាមព្រំដែននោះមិនត្រឹមតែនៅក្នុងក្របខណ្ឌនៃការពង្រីកនូវទំនាក់ទំនងឱ្យល្អក្នុងក្របខណ្ឌជាប្រពៃណីនោះទេដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាដើម ប៉ុន្តែលើសពីនេះ សម្តេចតេជោចង់ឃើញកិច្ចសហប្រតិបត្តិការសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយនៅតាមព្រំដែនដូចជាទឹកជំនន់នៅតាមព្រំដែនឬភ្លើងឆេះព្រៃជាដើមដើម្បីឱ្យកិច្ចសហប្រតិបត្តិការតាមព្រំដែនរបស់កម្ពុជានិងឡាវ មានគ្រប់ទម្រង់ និងកាន់តែស៊ីជម្រៅបន្ថែមទៀត។
ក្នុងឱកាសនោះ ឯកឧត្ដមអនុរដ្ឋមន្ដ្រីការពារជាតិឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមព្រំដែនដែលជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការជាមួយគ្នាហើយមានសុខសន្តិភាព និងសុវត្ថិភាពជាមួយគ្នាបានល្អតាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាកងទ័ព អាជ្ញាធរ នៃប្រទេសទាំងពីរផងដែរ៕


