យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិស្ដីពីទស្សនកិច្ចរបស់អង្គទូតទៅកាន់តំបន់ព្រំដែនក្នុងខេត្តពោធិ៍សាត់ចុះបានឲ្យដឹងថា នៅថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិបានដឹកនាំអង្គទូតនិងតំណាងអង្គការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជាទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
គណៈប្រតិភូបានចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយពលរដ្ឋភៀសសឹកកម្ពុជាចំនួន៧៦គ្រួសារដែលកំពុងរស់នៅក្នុងជំរំស្នាក់នៅបណ្តោះអាសន្នក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅក្នុងស្រុកវាលវែង ចាប់តាំងពីមានការប្រយុទ្ធគ្នានៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងដែលមិនទាន់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួន ដែលស្ថិតក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ។
បន្ទាប់មក គណៈប្រតិភូបានចុះពិនិត្យស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនជ័យជំនះ(ច្រកទ្វារព្រំដែនថ្មដា) ក្នុងឃុំថ្មដា ដែលកងទ័ពថៃបានរាយបន្លាលួសនិងដាក់ទូកុងតឺន័រដោយរាប់បញ្ចូលទាំងទូកុងតឺន័រចំនួន៣បន្ថែមទៀតដែលបានដាក់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីបិទផ្លូវជាតិលេខ៥៥ និងបិទផ្លូវចូលផ្ទះសម្បែងនិងដីធ្លីរបស់ពលរដ្ឋភៀសសឹក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនានាដោយប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍របស់កម្ពុជាថាខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ៕






