តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្នុងបរិបទដែលបណ្តាញសង្គមជាពិសេស facebook និងtiktok ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ននិងជាមធ្យោបាយទទួលព័ត៌មានមួយយ៉ាងសំខាន់, មានក្រុមនិងប្រភពព័ត៌មានមួយចំនួនដែលមានមូលដ្ឋានពីក្រៅប្រទេស កំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានបំភ្លៃ និងព័ត៌មានបំផ្លើសដោយមានចេតនាបង្កការភាន់ច្រឡំជាពិសេសទាក់ទងនឹងសភាពការណ៍នៅតាមខេត្តបណ្តោយព្រំដែន បង្កភាពចលាចលក្នុងសង្គមនិងប៉ះពាល់ដល់ស្ថិរភាពសាធារណៈនិងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
ឯកឧត្តម នេត្រ ភក្រ្តា ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿ មិនត្រូវចែករំលែកនិងមិនត្រូវធ្វើការសន្និដ្ឋានលើព័ត៌មានណាមួយដែលមិនមានប្រភពច្បាស់លាស់ឬមិនមានការបញ្ជាក់ពីស្ថាប័នផ្លូវការឡើយ ហើយឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់និងតាមដានព័ត៌មានតែពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ច ដូចជា សេចក្តីប្រកាសផ្លូវការ ស្ថាប័នព័ត៌មានជាតិនិងប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈនិងគោរពតាមស្តង់ដារសារព័ត៌មាន។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនចូលរួមជាដៃគូក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដោយត្រូវពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក (Think Before You Share) និងរួមគ្នាការពារបរិយាកាសព័ត៌មានឱ្យមានភាពស្អាតស្អំ តម្លាភាព និងទទួលខុសត្រូវ។ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រុងប្រយ័ត្នរបស់បងប្អូន គឺជាកម្លាំងសំខាន់ក្នុងការការពារសន្តិសុខព័ត៌មាន ស្ថិរភាពសង្គមនិងផលប្រយោជន៍ជាតិ៕

