នៅពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំ និងសាធារណជនទទួលស្គាល់ថាជាស្ថាប័នឈានមុខមួយ ទាំងផ្នែករចនាសម្ព័ន្ធ ថវិកាទ្រទ្រង់ហេដ្ឋារចនាសម្ព័ន្ធផែនការ និងសកម្មភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបន្តជំរុញនិងលើកទឹកចិត្តឱ្យស្ថាប័នមួយនេះ ខិតខំបំពេញបេសកកម្មមនុស្សធម៌ ឱ្យបានសកម្ម និងចំគោលដៅ ដើម្បីរួមចំណែកសម្រេចទិសដៅរួមរបស់កាកបាទក្រហមកម្ពុជា ឆ្លើយតបតម្រូវការចាំបាច់របស់ជនរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវ ក្នុងពិធីសម្ពោធអគារសិក្សា ២ខ្នង មាន៨កន្លែង និងកន្លែងលាងដៃ ១០កន្លែង នៅមត្តេយ្យសិក្សាពោធិ៍ជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលបានអនុវត្តលើវិស័យទាំង៤ និងគោរពគោលការណ៍គ្រឹះទាំង៧។ គោលការណ៍ទាំងនោះ មានជាអាទិ៍ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត្យឯករាជភាព សេវាស័្មគ្រចិត្ត ឯកភាព និងសកលភាព ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា។
បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បេសកកម្មសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងមិនមែនផ្ដោតតែលើមូលដ្ឋានខេត្តប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកវិសាលភាពរួមចំណែកជួយជាតិនិងប្រជាជនក្នុងបេសកម្មមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ជាច្រើនសកម្មភាពទៀត ក្នុងនោះជាពិសេសចុងក្រោយនេះ បានចូលរួមចំណែកគាំទ្រការសម្រាលទុក្ខលំបាកនិងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋភៀសសឹក និងជនងាយរងគ្រោះ ដោយសារអំពើឈ្លានពានដែនអធិបតេយ្យកម្ពុជា និងរំលោភច្បាប់អន្តរជាតិពីសំណាក់រដ្ឋាភិបាល និងយោធាថៃ។ ឯកឧត្តម បានសង្កត់ធ្ងន់ក្នុងន័យដើមថា “យើងម្នាក់ៗនៅមានកាតព្វកិច្ចរួមចំណែកជួយប្រជាពលរដ្ឋភៀសសឹកជាង៣ម៉ឺននាក់ទៀតដែលមិនទាន់អាចវិលទៅលំនៅឋាន”។
សូមបញ្ជាក់ថា ពិធីសម្ពោធសមិទ្ធផលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នាថ្ងៃនេះរួមមាន៖ អគារមតេ្តយ្យសិក្សាពោធិ៍ជ្រៃចំនួន១ខ្នង បណ្ដោយ៣២ម៉ែត្រ ទទឹង១១,២ម៉ែត្រកម្ពស់៤,១ម៉ែត្រ ស្មើនឹង៤បន្ទប់ មានបំពាក់សម្ភារសិក្សា គ្រឿងសង្ហារឹម បន្ទប់អនាម័យ៨ កន្លែងលេងកម្សាន្តកុមារ១ និងរៀបចំបន្ថែម សួនក្រាលស្មៅចំនួន១.១៧៦ម៉ែត្រការ៉េ ចាក់បេតុង២២៦ម៉ែត្រការ៉េ និងធ្វើរបង១១៥,៧ម៉ែត្រ ចំណាយថវិកាសរុប ៨៧.៥០០ដុល្លារ។ សមិទ្ធផលអគារមួយទៀតគឺអគារមត្តេយ្យសិក្សារោងដំរី ១ខ្នង បណ្ដោយ៣២ម៉ែត្រ ទទឹង១១,២ម៉ែត្រកម្ពស់៤,១ម៉ែត្រ ស្មើនឹង៤បន្ទប់ បំពាក់សម្ភារសិក្សា និងគ្រឿងសង្ហារឹម និងមានបន្ទប់អនាម័យ៨ចំណាយថវិកាអស់ ៧០ ០០០ដុល្លារ។
ដោយឡែកសមិទ្ធផលដែលបានដាក់បញ្ចូលក្នុងពិធីសម្ពោធនាឱកាសនោះដែរ រួមមាន៖កន្លែងលាងដៃ ចំនួន ១០កន្លែង នៅវិទ្យាល័យចំនួន ៩ និងអនុវិទ្យាល័យ ចំនួន ១ ក្នុងក្រុង-ស្រុក ចំនួន ៨គឺក្រុងព្រៃវែង ១កន្លែង ស្រុកស្វាយអន្ទរ ១កន្លែង ស្រុកកញ្ជ្រៀច ១កន្លែង ស្រុកស៊ីធរកណ្ដាល១កន្លែង ស្រុកពារាំង ១កន្លែង ស្រុកពាមជរ ៨កន្លែង ស្រុកពោធិ៍រៀង ១កន្លែង និងស្រុកបាភ្នំ១កន្លែង ដោយសមិទ្ធផលទាំងនេះ ចំណាយថវិកាសរុបចំនួន ១៩ ៥០០ដុល្លារ៕











