April 15, 2026

Month: March 2026

វីដេអូស្តីពីសកម្មភាព យុវតី០៣នាក់ ប្រព្រឹត្តហិង្សាទៅលើយុវតីម្នាក់ជាមិត្តរួមថ្នាក់ ត្រូវបានចែករំលែកក្នុងបណ្តាញសង្គមនាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ បានធ្វើឲ្យផ្ទុះការវែកញែក និងចែករំលែកបន្តដោយមហាជនជាច្រើនពាន់ម៉ឺននាក់។  បើទោះបីមានមតិ ជាច្រើនខុសៗគ្នា ទាំងអ្នកដឹងហេតុការណ៍ឬមិនដឹងហេតុការណ៍ មានហេតុផលឬមិនមានហេតុផល មានពាក្យពេចន៍ថ្លៃថ្នូរឬពាក្យពេចន៍អសុរស តែមតិទាំងនេះពុំមែនជាមូលដ្ឋានដំណោះស្រាយសមស្របសម្រាប់គូរភាគីឡើយ។  ក្នុងច្បាប់ស្តីពី យុត្តិធម៌អនីតិជន មាត្រា ១៤ ចែងថា ” អនីតិជនក្រោម ១៤ (ដប់បួន) ឆ្នាំ ដែលជាប់សង្ស័យថាបានប្រព្រឹត្តបទល្មើស ពុំអាចត្រូវបានគេឃាត់ខ្លួនឡើយ …” ដោយឡែកហេតុការណ៍ខាងលើ កើតឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅក្នុងវិទ្យាល័យព្រះយុគន្ធរ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។យុវតីរងគ្រោះ អាយុ១៣ឆ្នាំ ត្រូវបានមិត្តរួមថ្នាក់ ៣នាក់ (អាយុ១៣ឆ្នាំ ២នាក់, អាយុ១២ឆ្នាំ ១នាក់) ប្រព្រឹត្តហិង្សាលើខ្លួន ដោយចោទប្រកាន់យុវតីរងគ្រោះថា បានចាក់រុក ញុះញង់ឲ្យពួកគេឈ្លោះប្រកែកគ្នា។ ប្រហែលកន្លះខែក្រោយមកគឺ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ម្តាយយុវតីរងគ្រោះ បាននាំកូនស្រី មកដាក់ពាក្យបណ្ដឹងនៅ អាវុធហត្ថរាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបណ្ដឹង មន្ត្រីជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន របស់អាវុធហត្ថរាជធានីភ្នំពេញ បានបំពេញកិច្ចតាមនីតិវិធី ដោយធ្វើការកោះហៅភាគី ជនសង្ស័យទាំង០៣នាក់ រួមទាំងអាណាព្យាបាលមកសាកសួរអំពីរឿងហេតុ។ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ភាគីជនសង្ស័យ ទាំង០៣នាក់ រួមទាំងអាណាព្យាបាល បានចូលខ្លួនមកឆ្លើយបំភ្លឺនិងសារភាពអំពីកំហុស។  ដោយហេតុថា យុវតីទាំង០៣នាក់ ដែលប្រព្រឹត្តហិង្សា ជាអនីតិជនអាយុក្រោម១៤ឆ្នាំ ច្បាប់មិនត្រូវបានអនុញ្ញាត ឱ្យឃាត់ខ្លួនឡើយ សមត្ថកិច្ចបានធ្វើការសម្របសម្រួលឲ្យគូរភាគីធ្វើការចចារគ្នាបញ្ចប់រឿង ប៉ុន្តែដោយការចរចារមិនត្រូវគ្នា និងដោយមានការសម្របសម្រួលពីលោក ស៊ីនរក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់ជនសង្ស័យជាអនីតិជនទាំង០៣នាក់ ឲ្យទៅអាណាព្យាបាលធានាយកត្រលប់ទៅលំនៅដ្ឋានវិញ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី។ ដូច្នេះដើម្បីរក្សាភាពថ្លៃថ្នូរក្នុងសង្គម សូមមហាជនបញ្ចេញមតិ ដោយឈរលើគោលការណ៍ច្បាប់គោលការណ៍សីលធម៌ សុជីវធម៌ ធានាការការពារសិទ្ធិនិងឧត្តមប្រយោជន៍របស់អនីតិជនក៏ដូចជាការពារផលប្រយោជន៍សង្គមនិងសហគមន៍ ដោយទុកលទ្ធភាពឲ្យតុលាការជាអ្នកកំណត់យុត្តិធម៌តាមវិធាន និងនីតិវិធីដោយហ្មត់ចត់៕
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍ដើរ “ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា” ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ១៧០០នាក់ ។ ថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍ដើរ ដើម្បីសន្តិភាពយូរអង្វែងនេះ លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា សម្រាប់ម្តាយម្នាក់ សន្តិភាពគឺនៅពេលដែលម្តាយឱបកូនដោយគ្មានការភ័យខ្លាច គ្មានការរត់ចាកចេញពីលំនៅឋាន ព្រោះថាមានតែលំនៅឋាននេះហើយដែលជាទីសុខសាន្តសម្រាប់យើងទាំងអស់គ្នា។ សម្រាប់ក្មេងស្រីម្នាក់វិញ សន្តិភាពគឺជាការជឿជាក់ក្នុងការអភិវឌ្ឍខ្លួន ការចូលរួមដោយគ្មានការរើសអើង ហើយជាការទទួលបាននូវការផ្តល់កតិ្តយសប្រកបដោយក្តីសង្ឃឹម។ សម្រាប់គ្រួសារ សន្តិសុខគឺជាបរិយាកាសប្រកបដោយភាពសុខុដុមរមនាការជួយគាំទ្រគ្នាទៅវិញទៅមក និងជាស្ថេរភាពភាពដែលអនុញ្ញាតឱ្យកូនៗរីកលូតលាស់ទៅជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ លោកជំទាវបានបន្តថា កម្ពុជាជាប្រទេសមាតាធិបតេយ្យ ដែលឱ្យតម្លៃស្ត្រីជាធំ និងបានចូលរួមអបអរសាទរទិវាអន្តរជាតិនារី ចាប់តាំងពីឆ្នាំ១៩៧៧ ក្នុងគោលបំណងគោរពដល់ការតស៊ូរបស់ស្ត្រីក្នុងការទាមទារសិទ្ធិ សេរីភាព និងសមភាព។ ជាលទ្ធផលគួរជាទីមោទនៈ ក្នុងទិដ្ឋភាពតំបន់និងសាកល កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម ១១៨ប្រទេស និងលេខ ២ ក្នុងតំបន់អាស៊ាន ក្នុងនាមជាប្រទេសដែលបានបញ្ជូនកងរក្សាសន្តិភាពស្ត្រី។ បន្ថែមពីលើនេះ កម្ពុជាបានក្លាយជាអ្នកនាំមុខក្នុងតំបន់ ក្នុងការលើកកម្ពស់អនុវត្តរបៀបវារៈ «ស្ត្រី សន្តិភាព និងសន្តិសុខ» ៕
ភ្នំពេញ ៖ ថ្នាក់ដឹកនាំសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ទទួលបានការអនុញ្ញាតឱ្យចូលជួបពិភាក្សាការងារជាមួយឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅសាលប្រជុំទីស្តីការក្រសួង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការងារព័ត៌មាន និងច្បាប់។ កិច្ចពិភាក្សានេះ បានផ្តោតលើគោលបំណងសំខាន់ៗ ចំនួន ២ រួមមាន៖  ទី១. ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ៖ បង្កើនកិច្ចសហការក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកច្បាប់ និងបទប្បញ្ញត្តិនានារបស់ក្រសួងយុត្តិធម៌ ឱ្យបានកាន់តែស៊ីជម្រៅ និងទូលំទូលាយដល់សាធារណជន។ ទី២. ការជំរុញយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ៖ ផ្សព្វផ្សាយអំពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ បានឆាប់រហ័ស និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី។ តាមរយៈកិច្ចជំនួបនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ដែលមានអង្គភាពសារព័ត៌មានជាសមាជិក ជាច្រើន នឹងក្លាយជាស្ពានចម្លងព័ត៌មានដ៏សំខាន់ក្នុងការនាំយកព័ត៌មានផ្លូវការពីក្រសួងយុត្តិធម៌ និងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។ សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ IPA ដែលបានអញ្ជើញចូលរួមក្នុងកិច្ចជំនួបនេះ រួមមាន៖ លោកបណ្ឌិតទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ លោក ឡុង ឆ័យណាវ ប្រធានក្រុមប្រឹក្សាភិបាល និងលោក គង់ សារិទ្ធិ អនុប្រធាន និងជាអគ្គលេខាធិការសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA)៕
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រ ដល់សិស្ស និស្សិត និងសិក្ខាកាមនគរបាលជាតិ និងមន្រ្តីពន្ធនាគារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា បន្តសម្រិតសម្រាំង និងសម្រួចគុណភាព នៃការអប់រំ បណ្ដុះបណ្ដាល និងហ្វឹកហាត់ជំនាញផ្សេងៗដល់សិស្ស និស្សិតនគរបាល រួមទាំងឥរិយាបថ និងក្រមសីលធម៌ល្អ។  ការថ្លែងលើកទឹកចិត្តនេះ បានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បង្ហាញការកត់សម្គាល់អំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់ថ្មីៗ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឈរលើមូលដ្ឋាននៃមរតកសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត បច្ចុប្បន្នបណ្ឌិត្យសភានគរបាលកម្ពុជា មានគ្រូឧទ្ទេស និងសាស្ត្រាចារ្យ មានសមត្ថភាពខ្ពស់ និងបទពិសោធគ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលធនធាននគរបាល ឱ្យមានគុណភាពស្តង់ដារ។ ជាមួយគ្នានេះ សាលាក៏បានរៀបចំចងក្រងនូវកម្មវិធីសិក្សា និងមេរៀនយ៉ាងច្បាស់លាស់ ស្របតាមបច្ចេកទេសទំនើប និងស្ថានភាពជាក់ស្តែងនៃសង្គម ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្ស និស្សិត ក្នុងការឈ្វេងយល់ឱ្យបានឆាប់រហ័ស និងអាចយកទៅអនុវត្តផ្ទាល់ក្នុងប្រតិបត្តិការជំនាញបានយ៉ាងមានប្រសិទ្ធភាព។  បន្ថែមពីនេះ ដើម្បីបង្កើនគុណវុឌ្ឍិ និងសមត្ថភាព ឱ្យកាន់តែប្រសើរឡើងថែមទៀត ឯកឧត្តមអភិសន្តិបណ្ឌិត បានកត់សម្គាល់ថា បណ្ឌិត្យសភានគរបាលកម្ពុជា ក៏បានបញ្ជូនមន្ត្រី គ្រូ និងសិស្សនិស្សិតមួយចំនួន ទៅសិក្សាបន្ថែមនៅក្រៅប្រទេស ដើម្បីដកស្រង់បទពិសោធ និងបច្ចេកវិទ្យាទំនើបៗពីបណ្តាប្រទេសជឿនលឿន។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីសង្ឃឹមយ៉ាងជឿជាក់ថា ផ្អែកលើវឌ្ឍនភាពជាបន្តបន្ទាប់មកនេះ ក្នុងរយៈពេលប្រហែល ៥ឆ្នាំ ទៅមុខទៀត ការធ្វើទំនើបកម្មលើការបណ្តុះបណ្តាល និងការបន្តអភិវឌ្ឍសមត្ថភាពឥតឈប់ឈរ នឹងបង្កើនជ័យលាភីសិស្ស និស្សិត កាន់តែមានគុណភាព និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។  ពីវេទិកាអធិបតីនោះដែរ ប្រមុខក្រសួងមហាផ្ទៃ ក៏បានស្នើឱ្យស្នងការនៃស្នងការដ្ឋានរាជធានី ខេត្តបង្កើនការធ្វើបទបង្ហាញតម្រង់ទិសដល់សិស្ស និស្សិត ដែលជាប់និងត្រៀមទៅបំពេញការងារនៅតាមអង្គភាពចំណុះ រួមទាំងអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល ដើម្បីឱ្យមន្ត្រីទាំងអស់នោះ យល់ច្បាស់ពីចក្ខុវិស័យ និងអ្វីដែលថ្នាក់ដឹកនាំចង់បាន ចេះរបៀបរបបធ្វើការងារ បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ។  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់អនុសាសន៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា បន្តអនុវត្តបេសកកម្មដ៏មានសារៈសំខាន់របស់ខ្លួន ដោយស្មារតីប្តេជ្ញាចិត្តខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយដើម្បីសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវបន្តលើកកម្ពស់គុណភាពបណ្ដុះបណ្ដាល ដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ក្រមសីលធម៌ និងស្មារតីទទួលខុសត្រូវរបស់កងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារ ស្របតាមពាក្យស្លោក “បណ្ដុះបណ្ដាលមានគុណភាព គឺកសាងកម្លាំងមានសមត្ថភាព”។  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា បន្តអនុវត្តផែនការបណ្ឌិត្យសភាឌីជីថល ឱ្យក្លាយជាគ្រឹះនៃការបណ្ដុះបណ្ដាលទំនើប ដោយបញ្ចូលបច្ចេកវិទ្យានវានុវត្តន៍ និងចំណេះដឹងឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងលឿនរបស់សង្គម និងបញ្ហាសន្តិសុខក្នុងយុគសម័យថ្មី ជាពិសេសការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។  យោងតាមរបាយការណ៍ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្រ្តាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ជ័យលាភីដែលទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រនាឱកាសនោះរួមមាន៖ និស្សិត នាយនគរបាលបន្តវេន និងមន្ត្រីពន្ធនាគារ ថ្នាក់បរិញ្ញាបត្រ ចំនួន ២០៧នាក់ និងសិស្សនគរបាលថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ ចំនួន ១០០នាក់។  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់សិស្ស និស្សិតជ័យលាភីទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញឯកទេសដែលទទួលបាន ទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងអង្គភាព ដោយតម្កល់ស្មារតីជាអ្នកបម្រើប្រជាពលរដ្ឋពិតប្រាកដ។ ទន្ទឹមនឹងនេះ ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ វិន័យកងកម្លាំង និងច្បាប់រដ្ឋ ដើម្បីក្លាយជាមន្ត្រីគំរូ ដែលប្រជាពលរដ្ឋទុកចិត្ត ព្រមទាំងត្រូវបន្តស្វ័យសិក្សាស្រាវជ្រាវ និងដកស្រង់បទពិសោធពីរៀមច្បងឥតឈប់ឈរដើម្បីអភិវឌ្ឍខ្លួនជាធនធានមនុស្ស ដែលមានតម្លៃសម្រាប់ក្រសួងមហាផ្ទៃ និងសង្គមជាតិទាំងមូល៕
លោក​ ឌី​ រ័ត្ន​ខេមរុណ​ អភិបាល​រង​ នៃគណៈអភិបាលខណ្ឌ​៧មករា​ និង ជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់អូរឬស្សីទី២​ នៅព្រឹកថ្ងៃសុក្រ​ ៣រោច ខែផល្គុន​ ឆ្នាំ​ម្សាញ់​ សប្តស័ក​ ព.ស.២៥៦៩​ ត្រូវ​នឹងថ្ងៃទី០៦​ ខែមីនា​ ឆ្នាំ​២០២៦ អញ្ជើញ​ជួបសំណេះសំណាលជាមួយមន្រ្តី​...
នាព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី  ច័ន្ទ វាសនា មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទទួលការងារកសាងកម្លាំង តំណាង លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបុគ្គលិកនារីបម្រើការងារក្នុងអង្គភាពសរុប២៨នាក់ ព្រមទាំងបាននាំយកអំណោយអនុស្សាវរីយ៍របស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនដល់នារីទាំង២៨នាក់ ដើម្បីសម្តែងការអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”។ បន្ទាប់ពីកម្មវិធីខាងលើបានបញ្ចប់ ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ឯក សូ ស៊ីដារិទ្ធ នាយសេនាធិការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ព្រមទាំងអាវុធហត្ថនារី បានចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្នុងនោះរួមមាន ៖ អង្ករ ចំនួន ០៣ការ៉ុង, មី ចំនួន១កេស, ភេសជ្ជៈចម្រុះចំនួន ០៣កេស រួមនិងថវិកាចំនួន ៥០ម៉ឺនរៀល ប្រគល់ជូនដល់គ្រួសារលោកវរសេនីយ៍ទោ ស៊ុំ តូលី នាយទាហាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានពលីក្នុងសមរភូមិមុខ ដល់គេហដ្ឋាន ស្ថិតនៅភូមិត្រាំងដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្នុងនាមជាបុរសបើពុំមានវត្តមានដ៏មានតម្លៃរបស់លោកយាយ ម្តាយ អ្នកមីង ឬបងស្រីនៅក្បែរដើម្បីជ្រោមជ្រែងនិងអប់រំទូន្មានទេនោះ បុរសមិនអាចមានឱកាសពេញលេញ បំពេញតួនាទី និងការងារបានល្អនោះឡើយ។  នៅចំពោះមុខលោកជំទាវ កែ សួនសុភី ស សុខា ជាភរិយា ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា សម្រាប់បុរសក្នុងភាពជាអ្នកដឹកនាំ ឬជាមន្រ្តីបម្រើជាតិគ្រប់វិស័យ ពិសេសវីរយុទ្ធជនជួរមុខទាំងកងទ័ព និងនគរបាល គឺស្ត្រី បានដើរតួនាទីយ៉ាងសំខាន់ ទាំងការផ្ដល់កម្លាំងចិត្ត ការទទួលរាប់រងដោះស្រាយបន្ទុកគ្រួសារ ក្នុងពេលបុរសជាស្វាមី ត្រូវបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនដែលពេលខ្លះ ស្ទើរតែពុំមានពេលគ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារ។  ឆ្នាំនេះ ពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ“សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ”។ សម្រាប់ក្រសួងមហាផ្ទៃ ពិធីនេះ មានការអញ្ជើញចូលរួមពីលោកជំទាវឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន និងលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ប្រមាណ៧០០រូប។   ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែតដែលកំណត់យកប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ»។ ប្រធានបទនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយប្រធានបទសកល និងស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជាដោយសន្តិភាព និងសន្តិសុខ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត សម្រាប់ការអភិវឌ្ឍជាតិនិងការធានាសុខុមាលភាពរបស់សង្គម និងគ្រួសារ។  ប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា គុណតម្លៃរបស់ស្ត្រី គឺជាគុណដែលមានតម្លៃមហាសាលដែលមិនអាចកាត់ថ្លៃបានឡើយ ដោយស្ត្រីបានលះបង់គ្រប់បែបយ៉ាង តាំងពីកម្លាំងកាយចិត្ត រហូតដល់ពេលវេលាផ្ទាល់ខ្លួន ដើម្បីជ្រោមជ្រែងគ្រួសារ និងសង្គមជាតិ ដោយមិនគិតពីការនឿយហត់។ ក្នុងនោះប្រសិនបើយើងយកតម្លៃនៃទឹកប្រាក់ ឬទ្រព្យសម្បត្តិមហាសាលណាមួយមកប្រៀបធៀប ក៏មិនអាចស្មើនឹងគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់ស្ត្រីបានដែរព្រោះការលះបង់របស់ស្រ្តី គឺកើតចេញពីសេចក្ដីស្រឡាញ់ និងការទទួលខុសត្រូវដែលគ្មានអ្វីអាចមកជំនួសបានឡើយ។  ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័ន គប្បីបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ស្រ្តី ដែលកំពុងបំពេញការងារ ឱ្យកាន់តែមានឱកាសទូលំទូលាយក្នុងការបញ្ចេញសមត្ថភាព និងចំណេះដឹង និងត្រូវបន្តផ្តល់អាទិភាពដល់ស្ត្រី ក្នុងការទទួលបានតួនាទីជាអ្នកដឹកនាំ និងការសម្រេចចិត្តក្នុងវិស័យសាធារណៈ ព្រោះការផ្តល់តម្លៃដល់ស្ត្រី មិនត្រឹមតែជាការទទួលស្គាល់នូវគុណូបការៈរបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិនិយោគដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុអភិវឌ្ឍន៍សង្គមជាតិ ប្រកបដោយបរិយាបន្ន និងចីរភាព។  ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលបានលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដឹកនាំសកម្មភាពមនុស្សធម៌យ៉ាងសកម្ម តាមរយៈកាកបាទក្រហមកម្ពុជា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA និងសមាគមកាយឫទ្ធិនារីកម្ពុជា។ជាពិសេស ក្នុងកាលៈទេសៈដ៏លំបាកនៃជម្លោះព្រំដែន លោកជំទាវបណ្ឌិត តែងតែនៅក្បែរ និងជួយសម្រួលទុក្ខលំបាក ក៏ដូចជាគាំពារសុខុមាលភាពជូនប្រជាពលរដ្ឋរងគ្រោះ និងជនភៀសសឹកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។  ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោកជំទាវ កែ សួនសុភី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងបុព្វហេតុលើកកម្ពស់សមភាពយេនឌ័រ បរិយាបន្ន និងសមធម៌សង្គម។ ក្រៅពីភារកិច្ចស្នូល ក្រុមការងារបាន ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ ដូចជាការចុះសួរសុខទុក្ខមន្ត្រីដែលមានទុក្ខលំបាក និងការផ្តល់ជំនួយឧបត្ថម្ភដល់កងកម្លាំងជួរមុខការពារបូរណភាពទឹកដី ព្រមទាំងយុវតីរងគ្រោះក្នុងកាលៈទេសៈចាំបាច់នានា ប្រកបដោយឆន្ទៈមោះមុតបំផុត៕
គណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបន្តចុះត្រួតពិនិត្យស្ថានការណ៍ជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាកាលពីឆ្នាំ២០២៥កន្លងទៅ និងស្ថានការណ៍នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញជូនគណៈប្រតិភូទាំង១២ប្រទេស អំពីប្រភេទគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងប្រភេទគ្រាប់បានប្រើប្រាស់ មានចំនួនសរុប ១២២៣គ្រាប់ ត្រូវបានរកឃើញនៅក្នុងបរិវេណប្រាសាទព្រះវិហារ ដែលជាគ្រាប់របស់យោធាថៃបានប្រើប្រាស់ក្នុងអំឡុងពេលវាយប្រហារមកលើប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាមរតកវប្បធម៌ប្រវត្តិសាស្រ្តដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ។ សូមគូសបញ្ជាក់បន្ថែមផងដែរថា សកម្មភាពបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមរបស់មជ្ឈមណ្ឌលស៊ីម៉ាក់ (CMAC) ត្រូវបានអនុវត្តឡើងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនិងបានកំណត់ថាជាកិច្ចការចាំបាច់អាទិភាព ក្នុងការធានាបាននូវសុវត្ថិភាពជូនប្រជាពលរដ្ឋ។  អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ខែមីនា ឆ្នាំ២០២៦
នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១១:១០នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ទាំង១២ប្រទេស អញ្ជើញទៅកាន់តំបន់ប្រាសាទព្រះវិហារ និងតំបន់ជុំវិញស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិ ដែលរងការខូចខាតយ៉ាងដំណំដោយសារការវាយប្រហារពីសំណាក់យោធាថៃ។ សូមគូសបញ្ជាក់ផងដែរថា សកម្មភាពនៃវាយប្រហារទាំងពីរលើកដោយសព្វាវុធធុនធ្ងន់យ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសការទម្លាក់គ្រាប់បែកពីលើអាកាស ចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅមកលើប្រាសាទព្រះវិហារពីសំណាក់យោធាថៃបានធ្វើឱ្យប៉ះពាល់ និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងបរិវេណជុំវិញ ដែលទង្វើនេះបានបង្ហាញពីភាពអសីលធម៌ បង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសជាមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។  បើយោងតាមរយៈការកត់ត្រាចងក្រងពីការខូចខាតរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឃើញថា ការកត់ត្រាចងក្រងពីការខូចខាត ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញអំពីការខូចខាតធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូលបានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ មាន ៥៦២កន្លែង ដែលប្រាសាទព្រះវិហារបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។  ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំង សំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ ថ្ងៃព្រហស្បតិ៍ ២រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៥ខែមីនា ឆ្នាំ២០២៦
​លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ២រោច​ ខែផល្គុន​ ឆ្នាំ​ម្សាញ់ សប្តស័ក​ ព.ស.២៥៦៧៩ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែមីនា​ ឆ្នាំ​២០២៦បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានា ក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” តាមរយៈប្រព័ន្ធអនឡាញ(ZOOM Meeting) , ក្រោមអធិបតីភាពឯកឧត្ដម ថោ សេដ្ឋាណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងឯកឧត្ដម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលខាធិការដ្ឋានគ.ជ.អ.ប. ៕