April 15, 2026

Month: March 2026

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គិសនីកម្ពុជា នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានឱ្យដឹងថា ការប្រើប្រាស់ឧបករណ៍បរិក្ខារអគ្គិសនីដោយសន្សំសំចៃថាមពលអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ ប្រេងឥន្ធនៈ និងអគ្គិសនីដើម្បីចូលរួមឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខលើការកើនឡើងយ៉ាងគំហុក នៃតម្លៃប្រេងឥន្ធនៈសកលបណ្តាលពីសង្គ្រាម នៅមជ្ឈិមបូព៌ា ស្របពេលនឹងរដូវប្រាំងដែលអាកាសធាតុក្តៅ អគ្គិសនីកម្ពុជា បានស្នើសុំចំពោះអតិថិជនអ្នកប្រើប្រាស់ថាមពល អគ្គិសនីទាំងអស់ មេត្តាចូលរួមជួយសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនីតាមសកម្មភាព ដូចខាងក្រោម៖ ១. ត្រួតពិនិត្យ និងថែទាំ សម្ភារបរិក្ខារអគ្គិសនីទាំងអស់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសក្នុងនោះចំពោះបរិក្ខារត្រជាក់ ត្រូវធ្វើការលាងសម្អាត និងត្រួតពិនិត្យប្រព័ន្ធហ្គាសជាប្រចាំ  ២. កាត់បន្ថយការប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងអំពូលបំភ្លឺឱ្យអស់លទ្ធភាព – បិទភ្លើងបំភ្លឺ និងម៉ាស៊ីនត្រជាក់ ក្នុងការិយាល័យ ឬបន្ទប់ ពេលគ្មានវត្តមានអ្នកប្រើប្រាស់ – ប្រើប្រាស់ម៉ាស៊ីនត្រជាក់ ត្រូវកំណត់សីតុណ្ហភាពមិនក្រោម ២៤°C – កុំបិទវាំងនន ហើយបែរជាបើកភ្លើងបំភ្លឺច្រើន ៣. បិទ/ផ្តាច់/ដកឌុយសាក សម្ភារបរិក្ខារអគ្គិសនីពេលមិនប្រើប្រាស់ (ទូរទស្សន៍ កង្ហារ ខ្សែរសាក។ល។)  ៤. នៅពេលទិញសម្ភារថ្មី សូមជ្រើសរើសសម្ភារបរិក្ខារប្រើប្រាស់ដែលមានប្រសិទ្ធភាពខ្ពស់ប្រើប្រាស់ថាមពល អគ្គិសនីតិច ដែលមានស្លាកសញ្ញាត្រឹមត្រូវ ៥. កាត់បន្ថយការបើកទ្វារចំហជាញឹកញាប់រយៈពេលយូរ ចំពោះទ្វារបន្ទប់ ឬទ្វារទូរទឹកកក ដែលធ្វើឱ្យខ្យល់ ត្រជាក់ចេញ នាំឱ្យម៉ាស៊ីនត្រជាក់ ទូរទឹកកកប្រើប្រាស់ថាមពលច្រើន ដូច្នេះត្រូវបិទទ្វារនិងបង្អួច ឱ្យបានជិតល្អពេលម៉ាស៊ីនត្រជាក់កំពុងដំណើរការ។ ជាមួយគ្នានោះផងដែរ អគ្គិសនីកម្ពុជា បានឱ្យដឹងបន្ថែមថា ការជួយសន្សំសំចៃថាមពលអគ្គិសនីគឺចូលរួមចំណែកយ៉ាងសំខាន់ជួយកាត់បន្ថយចំណាយថ្លៃដើម ក្នុងការផលិតថាមពលអគ្គិសនីពីប្រេង ដែលកំពុងទទួលរងផលប៉ះពាល់ពីការកើនឡើងនៃថ្លៃប្រេងឥន្ធនៈសកល ក៏ដូចជាកាត់បន្ថយការចំណាយទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីរបស់ខ្លួនផងដែរ។ ដូចនេះ អគ្គិសនីកម្ពុជាសង្ឃឹមយ៉ាងមុតមាំលើស្មារតីចូលរួមសហការរបស់អតិថិជន និងសាធារណជនទាំងអស់ ក្នុងការចូលរួមអនុវត្តការសន្សំសំចៃថាមពលអគ្គិសនី និងកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនីឱ្យអស់លទ្ធភាព នៅក្នុងស្ថានភាពចំពោះមុខនេះ៕
ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនមូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនមូស្លីមនៅទូទាំងសកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ខែមីនា ឆ្នាំ២០២៦។  ខ្ញុំ និងភរិយា សូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនមូស្លីមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ក៏ដូចជាជំនឿជឿជាក់និងគាំទ្រឥតងាករេ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅគ្រប់កាលៈទេសៈ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ការពារបូរណភាពទឹកដី ហើយនឹងថែរក្សាបានយ៉ាងល្អ នូវគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនានៅប្រទេសកម្ពុជា ដែលបានស្វែងរកមកយ៉ាងលំបាក ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ក្រោយពីរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ ២០ថ្ងៃដែលបានលុបបំបាត់ចោលនូវជំនឿសាសនាទាំងស្រុងនៅកម្ពុជា។  សូមព្រះអល់ឡោះ ផ្តល់នូវសេចក្តីសុខស្លាម៉ាត់ ករុណារ៉ោះម៉ាត់ និងចម្រេីនព្ហេីរ៉កាត់ ជូនដល់បងប្អូនមូស្លីមទាំងអស់ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក និងសូមជូនពរបងប្អូនមូស្លីមទាំងអស់ ដែលបានបំពេញកាតព្វកិច្ចបួសខែរ៉ម៉ាឌន ប្រកបដោយជោគជ័យ និងសូមជូនពរដល់បងប្អូនមូស្លីមទាំងអស់ ដែលមានបំណងធ្វើការបន្តអំណត់បួស ៦ថ្ងៃបន្ថែមដោយស្ម័គ្រចិត្តក្នុងខែស្ហាវ៉ាល់ ប្រព្រឹត្តទៅដោយជោគជ័យ ។
នៅពេលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ត្រូវបានថ្នាក់ដឹកនាំ និងសាធារណជនទទួលស្គាល់ថាជាស្ថាប័នឈានមុខមួយ ទាំងផ្នែករចនាសម្ព័ន្ធ ថវិកាទ្រទ្រង់ហេដ្ឋារចនាសម្ព័ន្ធផែនការ និងសកម្មភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបន្តជំរុញនិងលើកទឹកចិត្តឱ្យស្ថាប័នមួយនេះ ខិតខំបំពេញបេសកកម្មមនុស្សធម៌ ឱ្យបានសកម្ម និងចំគោលដៅ ដើម្បីរួមចំណែកសម្រេចទិសដៅរួមរបស់កាកបាទក្រហមកម្ពុជា ឆ្លើយតបតម្រូវការចាំបាច់របស់ជនរងគ្រោះ និងងាយរងគ្រោះឱ្យបានទាន់ពេលវេលា ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។  ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវ ក្នុងពិធីសម្ពោធអគារសិក្សា ២ខ្នង មាន៨កន្លែង និងកន្លែងលាងដៃ ១០កន្លែង នៅមត្តេយ្យសិក្សាពោធិ៍ជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលបានអនុវត្តលើវិស័យទាំង៤ និងគោរពគោលការណ៍គ្រឹះទាំង៧។ គោលការណ៍ទាំងនោះ មានជាអាទិ៍ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត្យឯករាជភាព សេវាស័្មគ្រចិត្ត ឯកភាព និងសកលភាព ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា។  បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បេសកកម្មសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងមិនមែនផ្ដោតតែលើមូលដ្ឋានខេត្តប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកវិសាលភាពរួមចំណែកជួយជាតិនិងប្រជាជនក្នុងបេសកម្មមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ជាច្រើនសកម្មភាពទៀត ក្នុងនោះជាពិសេសចុងក្រោយនេះ បានចូលរួមចំណែកគាំទ្រការសម្រាលទុក្ខលំបាកនិងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋភៀសសឹក និងជនងាយរងគ្រោះ ដោយសារអំពើឈ្លានពានដែនអធិបតេយ្យកម្ពុជា និងរំលោភច្បាប់អន្តរជាតិពីសំណាក់រដ្ឋាភិបាល និងយោធាថៃ។ ឯកឧត្តម បានសង្កត់ធ្ងន់ក្នុងន័យដើមថា “យើងម្នាក់ៗនៅមានកាតព្វកិច្ចរួមចំណែកជួយប្រជាពលរដ្ឋភៀសសឹកជាង៣ម៉ឺននាក់ទៀតដែលមិនទាន់អាចវិលទៅលំនៅឋាន”។  សូមបញ្ជាក់ថា ពិធីសម្ពោធសមិទ្ធផលសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង នាថ្ងៃនេះរួមមាន៖ អគារមតេ្តយ្យសិក្សាពោធិ៍ជ្រៃចំនួន១ខ្នង បណ្ដោយ៣២ម៉ែត្រ ទទឹង១១,២ម៉ែត្រកម្ពស់៤,១ម៉ែត្រ ស្មើនឹង៤បន្ទប់ មានបំពាក់សម្ភារសិក្សា គ្រឿងសង្ហារឹម បន្ទប់អនាម័យ៨ កន្លែងលេងកម្សាន្តកុមារ១ និងរៀបចំបន្ថែម សួនក្រាលស្មៅចំនួន១.១៧៦ម៉ែត្រការ៉េ ចាក់បេតុង២២៦ម៉ែត្រការ៉េ និងធ្វើរបង១១៥,៧ម៉ែត្រ ចំណាយថវិកាសរុប ៨៧.៥០០ដុល្លារ។ សមិទ្ធផលអគារមួយទៀតគឺអគារមត្តេយ្យសិក្សារោងដំរី ១ខ្នង បណ្ដោយ៣២ម៉ែត្រ ទទឹង១១,២ម៉ែត្រកម្ពស់៤,១ម៉ែត្រ ស្មើនឹង៤បន្ទប់ បំពាក់សម្ភារសិក្សា និងគ្រឿងសង្ហារឹម និងមានបន្ទប់អនាម័យ៨ចំណាយថវិកាអស់ ៧០ ០០០ដុល្លារ។  ដោយឡែកសមិទ្ធផលដែលបានដាក់បញ្ចូលក្នុងពិធីសម្ពោធនាឱកាសនោះដែរ រួមមាន៖កន្លែងលាងដៃ ចំនួន ១០កន្លែង នៅវិទ្យាល័យចំនួន ៩ និងអនុវិទ្យាល័យ ចំនួន ១ ក្នុងក្រុង-ស្រុក ចំនួន ៨គឺក្រុងព្រៃវែង ១កន្លែង ស្រុកស្វាយអន្ទរ ១កន្លែង ស្រុកកញ្ជ្រៀច ១កន្លែង ស្រុកស៊ីធរកណ្ដាល១កន្លែង ស្រុកពារាំង ១កន្លែង ស្រុកពាមជរ ៨កន្លែង ស្រុកពោធិ៍រៀង ១កន្លែង និងស្រុកបាភ្នំ១កន្លែង ដោយសមិទ្ធផលទាំងនេះ ចំណាយថវិកាសរុបចំនួន ១៩ ៥០០ដុល្លារ៕
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ គឺកសាងចាប់ពីទីប្រជុំជនស្គន់រហូតដល់ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ ដោយគម្រោងសាងសង់ កំពុងដំណើរការយ៉ាងរលូន និងដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីបញ្ចប់គម្រោងឱ្យបានលឿន នៅក្នុងឆ្នាំនេះ និងមុនការគ្រោងទុក ព្រោះថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្ដានុពល ក្នុងការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនផលិតផលកសិកម្ម កសិ–ឧស្សាហកម្ម ទេសចរណ៍ ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍ និងសកម្មភាពសេដ្ឋកិច្ច–សង្គមជាតិនានាផងដែរ។
ប្រតិមាឬបដិមា ព្រះសិវៈរាំ កម្ពស់៥ម៉ែត្រ មានព្រះសិរ២ជាន់ ព្រះភក្ត្រ៥ ព្រះហស្ថ១០ មានប្រភពមកពីប្រាសាទក្រហមនៅតំបន់ប្រាសាទកោះកេរ នាស.វ.ទី១០នៃគ.ស. បានឈរត្រដែតឡើងវិញ បន្ទាប់ពីបានជួសជុលអស់រយៈពេលជាង៥ឆ្នាំ ដោយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិព្រះវិហារ និងសាលាបារាំងចុងបូព៌ា សហការជាមួយអភិក្សដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា និងមានការគាំទ្រពីសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ (ALIPH)។ មុនអំឡុងផ្គុំរូបរាងឡើងវិញ  បដិមាព្រះសិវៈរាំនេះ  ស្ថិតក្នុងស្ថានភាពដួលបែកបាក់ច្រើនជាង១០០០០បំណែក ដោយអំពើលួចប្លន់ក្នុងអំឡុងសង្គ្រាមស៊ីវិល។អ្នកជំនាញបានចំណាយពេលជាង៥ឆ្នាំក្នុងការផ្គុំរូបរាងឡើងវិញបានសម្រេចជាស្ថាពរហើយតម្កល់ទុកបណ្តោះអាសន្ននៅអភិរក្សដ្ឋានអង្គរក្នុងក្រុងសៀមរាបខេត្តសៀមរាប និងបានរៀបចំពិធីអបអរសាទរនារាត្រីទី១៨ខែមីនាឆ្នាំ២០២៦ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណារដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ប្រតិមាព្រះសិវៈនេះ ត្រូវបានប្រមូលនិងរក្សាទុកនៅឆ្នាំ២០១២ដើម្បីចុះបញ្ជីនិងកំណត់ប្រភេទជាក្រុមតាមទម្រង់។រាល់ដំណាក់កាលជួសជុលនីមួយៗក្រុមអ្នកជំនាញសុទ្ឋតែជជែកពិភាក្សាពិនិត្យនិងអនុម័តដោយគណៈកម្មាធិការបច្ចេកទេសដើម្បីធានាថាការអភិរក្សគោរពតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈនៃការអភិរក្សព្រមទាំងភាពធន់រឹងមាំយូរអង្វែង។លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងដោយក្តីសោមនស្សនិងអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមអ្នកជំនាញ នៃសាលាបារាំងចុងបូព៌ា គណៈកម្មាធិការបច្ចេកទេស និងដៃគូសម្ព័ន្ឋភាពការពារបេតិកភ័ណ្ឌ ចំពោះការខិតខំស្តារនិងស្រោចស្រង់ផ្គុំរូបរាងបដិមាព្រះសិវៈនេះឱ្យរស់ឡើងវិញសារជាថ្មី នូវស្នាដៃដូនតាខ្មែរដែលមានអាយុកាលជាងមួយពាន់ឆ្នាំមកហើយនិងនិងសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់ព្រះរាជាណាចក្រកម្ពុជា។លោកជំទាវមានប្រសាសន៍ថា៖រូបបដិមានេះជារូបបដិមាធំជាងគេនៅក្នុងប្រទេសកម្ពុជានិងចាត់ទុកជាបដិមាដ៏ធំមួយដែរនៅតំបន់អាស៊ីអាគ្នេយ៍ ហើយការជួសជុលលេចចេញជារូបរាងឱ្យរស់ឡើងវិញនេះ ជាការផ្តល់នូវព្រលឹងនិងជំនឿ ក៏ដូចជាការតភ្ជាប់នូវអតីតកាលដ៏រុងរឿងរបស់ប្រទេសកម្ពុជាជាមួយនឹងសម័យបច្ចុប្បន្ន។លោកជំទាវសង្ឃឹមថា៖រូបបដិមាដ៏ធំ នេះនឹងវិលត្រឡប់ទៅកាន់ទីតាំងដើមនៅប្រាសាទកោះកេរ្តិ៍វិញទុកជាទីសក្ការៈសម្រាប់ការគោរពទៅតាមេជំនឿទំនៀមទំលាប់ពីដូនតាខ្មែរនិងជាការទាក់ទាញលំហូរទេសចរទៅកាន់តំបន់ប្រាសាទកោះកេរ្តិ៍កាន់តែច្រើនឡើងជាលំដាប់៕
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានមានប្រសាសន៍ណែនាំ និងជំរុញឱ្យគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អាជ្ញាធរមូលដ្ឋាន និងគ្រប់តួអង្គក្នុងសង្គមរួមគ្នាបង្កើនការផ្សព្វផ្សាយ និងអប់រំតាមគ្រប់មធ្យោបាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ អំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស។  សារជំរុញនិងណែនាំ បានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមជនល្មើសទាំងក្នុង និងក្រៅប្រទេស បានបន្តប្រើល្បិចកលបោកបញ្ឆោត និងអូសទាញមនុស្ស តាមវិធីសាស្រ្តគ្រប់ស្នៀត និងគ្រប់មធ្យោបាយ ក្រោមរូបភាពនាំទៅរៀបការជាមួយស្វាមីជាជនបរទេស មានបាន ឬទៅរកការងារមានប្រាក់ខែខ្ពស់ជាដើម។  ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា គ្រប់គ្នាក្នុងសង្គម ត្រូវតែមានទំនួលខុសត្រូវរួមចំណែកដោះស្រាយបញ្ហានេះជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរ។  បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងឆ្នាំកន្លងទៅនេះ ក្រោមការដឹកនាំដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សមត្ថកិច្ចពាក់ព័ន្ធគ្រប់មូលដ្ឋាន បានវាយលុកនិងបង្ក្រាបសំបុកបទល្មើស ទាំងបទល្មើសប្រពៃណី និងមិនប្រពៃណី បានជាច្រើនករណី ក្នុងនោះបទល្មើសជួញដូរមនុស្ស ត្រូវបានបង្ក្រាប ទន្ទឹមគ្នានឹងប្រសិទ្ធភាពនៃយុទ្ធនាការបោសសម្អាតបទល្មើសឆ្លងដែន រួមទាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។  យោងតាមរបាយការណ៍របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ក្នុងឆ្នាំ២០២៥ បទល្មើសជួញដូរមនុស្ស ជាពិសេសអំពើធ្វើអាជីវកម្មផ្លូវភេទ មានចំនួន ២៧២ករណី ក្នុងនោះ អំពើជួញដូរមនុស្ស មាន ១២៨ករណី ឃាត់ខ្លួនជនសង្ស័យ ២០៩នាក់ មានជនរងគ្រោះ ៦០៩នាក់ (អនីតិជន សរុប ៦០នាក់)៕
នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និង សហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមអនុប្រធានធនាគារពិភពលោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្ដែងការគួរសមនាឱកាសនេះ ព្រមទាំងបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយនឹងសម្ដេចធិបតីជាថ្មីម្ដងទៀត។ ឯកឧត្តមបានកោតសរសើរចំពោះការរីកចម្រើនរបស់កម្ពុជា និងបង្ហាញការគាំទ្រចំពោះការដាក់ចេញនូវគោលដៅជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ជាមួយគ្នានេះ, ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគម្រោងនានាដែលកំពុងបន្តអនុវត្ត ក្រោមការគាំទ្រពីធនាគារពិភពលោកនៅកម្ពុជា។ នាពេលបច្ចុប្បន្ននេះ, ធនាគារពិភពលោកបានដាក់ចេញនូវអាទិភាពចម្បងក្នុងការផ្តល់ជំនួយដល់បណ្ដាប្រទេសនានារួមទាំងកម្ពុជា ក្នុងការបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ ដោយផ្តោតលេីវិស័យសក្ដានុពលចំនួន ៥ រួមមាន៖ ១. វិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្ម ២. វិស័យទេសចរណ៍ ៣. វិស័យកម្មន្តសាល ៤. វិស័យសុខាភិបាល និង ៥. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងន័យនេះ, ធនាគារពិភពលោកនឹងបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវិស័យឯកជនដែលជាម៉ាស៊ីននៃកំណើនដ៏សំខាន់ ក្នុងការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច។  ឯកឧត្តមក៏បានគោរពជម្រាបជូនសម្ដេចធិបតី ថា ធនាគារពិភពលោកប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តគាំទ្រនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត និងប្រកបដោយចីរភាព។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបឯកឧត្តមអនុប្រធានធនាគារពិភពលោកជាថ្មីម្ដងទៀត ព្រមទាំងបានសម្ដែងនូវការអរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារពិភពលោក និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងការជំរុញកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ នៅក្នុងឆ្នាំ២០៥០។ ជាមួយគ្នានេះដែរ, សម្ដេចធិបតីបានបញ្ជាក់ជូនឯកឧត្តមអនុប្រធានធនាគារពិភពលោក អំពីការដាក់ចេញនូវគោលនយោបាយក្នុងការជំរុញនូវវិស័យអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល សំដៅកសាងភាពធន់របស់កម្ពុជា ដែលក្នុងនោះរួមមាន៖ ការកសាងមូលធនមនុស្ស, ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ, វិស័យអប់រំ, វិស័យសុខាភិបាល, និងការពង្រឹងវិស័យហិរញ្ញវត្ថុ, ការទាក់ទាញការវិនិយោគ, ការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងការអភិវឌ្ឍសមត្ថភាពផលិតកម្មសម្រាប់បម្រើឱ្យទីផ្សារក្នុងស្រុក ព្រមទាំងការដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែមានទាក់ទាញ និងប្រកួតប្រជែង សំដៅធានាបាននូវភាពធន់នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុងឱកាសនេះដែរ, សម្ដេចធិបតី និងឯកឧត្តមJaramillo ក៏បានពិភាក្សាបន្ថែមអំពីអាទិភាពសំខាន់ៗក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងបានពិភាក្សាអំពីការអភិវឌ្ឍវិស័យអប់រំ និងការកសាងធនធានមនុស្សនៅកម្ពុជា, ការពង្រឹងសមត្ថភាព, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា និងសារៈសំខាន់នៃភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន សំដៅចាប់យកកាលានុវត្តភាព និង ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់ នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជានៃពិភពលោកនាពេលបច្ចុប្បន្ន៕
នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម គីម ឆាងយ៉ុង (KIM Chang Yong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។  ក្នុងឱកាសនៃជំនួប, ឯកឧត្តមអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលត្រូវបានរដ្ឋាភិបាលកូរ៉េតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ដែលជាប្រទេសមួយមានប្រវត្តិសាស្ត្រដ៏យូរលង់ និងមានវប្បធម៌ អរិយធម៌ដ៏សម្បូរបែប។ ទន្ទឹមនេះ ឯកឧត្តមអគ្គរដ្ឋទូត បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានរីកចម្រើនឡើងជាលំដាប់ ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ ក្រោមការជំរុញ និងគាំទ្ររបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ បច្ចុប្បន្ន ទំនាក់ទំនង​នៃប្រទេសទាំងពីរ​បាននិងកំពុងត្រូវបានបន្តពង្រឹងនិងពង្រីកយ៉ាងសកម្ម តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងគ្រប់កម្រិតក៏ដូចជាវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើន។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២៧ ខាងមុខនេះ ដែលជាខួបលើកទី៣០ នៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញរវាងប្រទេសទាំងពីរ ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីមួយចំនួន ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថាសាធារណរដ្ឋកូរ៉េ មានបំណងពង្រឹង និងពង្រីកទំនាក់ទំនងជាមួយកម្ពុជា ហើយឯកឧត្តមបានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នៅក្នុងអាណត្តិបេសកកម្មការទូតនេះ ឯកឧត្តមនឹងខិតខំពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យសម្រេចបានលទ្ធផលផ្លែផ្កាបន្ថែមទៀត។  ជាការឆ្លើយតប, សម្ដេចធិបតី បានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម គីម ឆាងយ៉ុង ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ​រវាងប្រទេស​ទាំងពីរ។សម្តេចធិបតីបានរំលឹកថា ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនង ជា “ភាពជាដៃគូយុទ្ធសាស្ត្រ” នាឆ្នាំ២០២៤ ដែលការណ៍នេះបានបើកច្រកសម្រាប់ការពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែទូលាយថែមទៀត។  មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗមួយចំនួន ជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, ការពារជាតិ និងសន្តិសុខ។ ជាមួយគ្នានេះ, សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ប្រកបដោយលទ្ធផលជាផ្លែផ្ការវាងនគរបាលនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ផងដែរ៕
លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ពផងដែរ។​ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បាននាំយកមកជាមួយនូវអំណោយរបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈបរិក្ខារសម្រាប់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ យើងគ្រប់គ្នាចងចាំវីរភាព និងការលះបង់របស់វីរកងទ័ព ពិសេសក៏បាននឹងកំពុងគិតគូរជាប្រចាំចំពោះក្រុមគ្រួសារវីរកងទ័ព ដោយមិនបោះបង់នរណាម្នាក់ចោលនោះឡើយ។ ជីវភាព និងការរស់នៅដើម្បីបន្តរួមចំណែកជាមួយកម្ពុជា​ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា​ ដែលនេះ គឺសរបញ្ជាក់ច្បាស់ពីការទទួលខុសត្រូវក្នុងនាមរាជរដ្ឋាភិបាលផង និងសមាជិកក្រុមគ្រួសារវីរកងទ័ពផង ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ផងដែរ។ រាជធានីភ្នំពេញ និងខេត្តកណ្តាល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦
ថ្លែងក្នុងពិធីសំណេះសំណាលនេះ លោកជំទាវបណ្ឌិត បានបង្ហាញនូវអារម្មណ៍រំភើប រីករាយចំពោះ កុមារី យុវតី សមាជិកា សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប ដែលបានរីកចម្រើនផ្នែកចំណេះវិជ្ជា ប្រាជ្ញាស្មារតី រួមទាំងមានក្រមសីលធម៌ មានសមត្ថភាពពេញលេញ និងមានភាពជឿជាក់លើខ្លួនឯង ក្រោយពីទទួលបានការបណ្តុះបណ្តាលតាមរយ:កម្មវិធីផ្សេងៗពីសមាគម ក្នុងរយៈពេល ៤ឆ្នាំកន្លងមក...