April 15, 2026

ព័ត៌មានសង្គម

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហោះផ្សាយខ្លឹមសារដូចខាងក្រោម៖ ខ្ញុំសូមស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាពរវាងរដ្ឋាភិបាលទាំងពីរក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។  រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងនិងបង្រ្កាបឧក្រិដ្ឋកម្មឆ្លង ដែនគ្រប់ទម្រង់រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្សនិងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀតដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។  ឧក្រិដ្ឋកម្មឆ្លងដែនរួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខនិងអាចដោះស្រាយតែម្នាក់ឯងនោះទេ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនិងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជានិងសាធារណរដ្ឋកូរ៉េ។  ខ្ញុំសូមកោតសរសើរផងដែរចំពោះក្រុមការងាររួមកម្ពុជា-សាធារណរដ្ឋកូរ៉េដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងទប់ស្កាត់ បង្រ្កាបនិងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហើយសង្ឃឹមថាក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រង់បន្ថែមទៀតដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងឧក្រិដ្ឋកម្មឆ្លងដែននានា។  
នៅវេលាម៉ោង ១៤និង០៥នាទីរសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែននៅក្នុងភូមិសាស្រ្តច្រកបឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ដោយមានការអមដំណើរពីសំណាក់ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសហ្វីលីពីន ដែលនឹងត្រូវដឹកនាំកិច្ចការងារនេះបន្តក្នុងនាមប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីប្រទេសម៉ាឡេស៊ី។ សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥,  សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕ 
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដែលអញ្ជើញមកទស្សនកិច្ចទីតាំងមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ។ ដោយនៅវេលាម៉ោង ១០:០០នាទីព្រឹក គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចស្នាក់ការ២ ស្ថិតនៅក្រុងសិរីសោភ័ណ ដោយក្នុងឱកាសនោះ វរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP ប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជាក៏បានធ្វើបទបង្ហាញជូនឯកឧត្តម អគ្គមេបញ្ជាការ និងគណៈប្រតិភូ ស្តីពីវឌ្ឍនភាពការងាររបស់ខ្លួនផងដែរ។  សូមជម្រាបជូនផងដែរថា ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីនមកកាន់ព្រះរាជាណាចក្រនាពេលនេះ គឺដើម្បីចុះមកពិនិត្យ និងសិក្សាស្វែងយល់ក្នុងការត្រៀមលក្ខណៈទទួល និងបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះ។  សូមគូសបញ្ជាក់ផងដែរថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់យន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕  ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦បាន អញ្ជើញចូលរួមពិធីពិសាអាហារសាមគ្គីជាមួយសមាគមសុខាភិបាលខ្មែរ នៅអាមេរិក។  ក្នុងឱកាសនេះដែរ​ លោកជំទាវបណ្ឌិត សូមអរគុណយ៉ាងជ្រាលជ្រៅជូន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋអាមេរិក ក្នុងនាមជាសមាគម (CHPAA) ដែលបានវះកាត់ព្យាបាលកុមារកម្ពុជាដោយជោគជ័យ ហើយក៏ត្រៀមជួយកុមារជាច្រើនទៀតដែលមានជំងឺបេះដូងពីកំណើត...
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមដង្ហែគម្ពីរព្រះត្រៃបិដក ក្នុងពិធីបុណ្យ ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ_ភ្នំឧដុង្គ) ។ ពិធីបុណ្យនេះ រៀបចំឡើងក្នុងគោលបំណង (១)អបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរបានពេញលេញ (២)រំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដកដែលបានខិតខំចងក្រង បកប្រែ និងថែរក្សាមរតកធម៌នេះ និង (៣)ការសូធ្យព្រះត្រៃបិដកលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុះសាយ ។ ផ្អែកតាមក្រមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែរ។ សេចក្តីសម្រេចជាប្រវត្តិសាស្ត្រទាំង៣ចំណុចនោះរួមមាន (១)ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថាដីកា យោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដកជាពុទ្ធវចនៈ(២)រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់ ៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ(ទីតាំងតម្កល់ព្រះបរមសារីរិកធាតុ) និង (៣)រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដកនិងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានស្តែងឱ្យឃើញច្បាស់នូវការលើកតម្កើងការគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា និងនាំឱ្យមានការពេញចិត្តជាខ្លាំង ពីសំណាក់គណៈសង្ឃនាយកទាំងពីរនិកាយនៅកម្ពុជា ក៏ដូចជាប្រជាពុទ្ធបរិស័ទខ្មែរនៅទូទាំងប្រទេស៕ ខេត្តកណ្តាល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦
ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនVattanac Brewery Co., LTD. និង ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បាននាំយកនូវអំណោយ ជាគ្រឿងឧបភោគ បរិភោគ ប្រគល់ជូន ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក្នុងគោលបំណងដើម្បីផ្គត់ផ្គង់ដល់រដ្ឋបាលខេត្តស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង កងរាជអាវុធហត្ថខេត្ត មន្ទីរសុខាភិបាល និងមណ្ឌល ជនភៀសសឹកខេត្តស្ទឹងត្រែង។  ឯកឧត្តម សរ សុពុត្រា បានថ្លែងថា ៖ ការចូលរួមថវិកា និងសម្ភារៈជាស្បៀងឧបភោគបរិភោគដោយស្ម័គ្រចិត្ត ពីអ្នកឧកញ៉ា គឺបង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ និងជាការលើកទឹកចិត្ត ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយជាមួយកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាពបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។  ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង តាំងនាមថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ទីរសុខាភិបាលខេត្ត និងប្រជាជន ភៀសសឹកនៅក្នុងខេត្តក្រចេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលបានផ្តល់ជំនួយជាថវិកា អង្ករ ទឹកសុទ្ធV-Active អាវស្មារតី ខ្មែរតែមួយ និងភេសជ្ជៈ មកដល់រដ្ឋបាលខេត្ត ហើយទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្តីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់អ្នកឧកញ៉ា លើការងារសប្បុរសធម៌ និងកិច្ចការសង្គម ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម សរ សុពុត្រា បានជូនពរ ក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យ បន្ថែមទៀត ដើម្បីបន្តចូលរួមរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឈានឆ្ពោះទៅមុខ និងប្រកបដោយសុខសន្តិភាព ៕
កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំអន្តរាគមន៍ចំពោះករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវសាធារណ: និងប្រើប្រាស់បារីអេឡិចត្រូនិច យ៉ាងអនាធិបតេយ្យ។ បន្ទាប់ពីទទួលបានបណ្ដឹងខាងលើ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ចាប់ពីម៉ោង ០៨:០០នាទី ដល់ម៉ោង១៤:១០នាទី កម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានធ្វើការឆ្មក់បង្ក្រាបក្រុមក្មេងទំនើង ០៦នាក់ ដែលតែងធ្វេីសកម្មភាពបង្ហោះម៉ូតូនៅចំណុចបុរី លឹម ឈាងហាក់ ផ្លូវបេតុងលេខ០៦ ផ្ទះលេខ៥៤ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភំ្នពេញ យកមកធ្វើការអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឲ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញ បង្ករភាពអនាធិបតេយ្យក្នុងសង្គម ដោយដកហូតបារីអេឡិចត្រូនិច(វ៉ែប)ចំនួន ០១ដើម និងម៉ូតូ ០៦គ្រឿង ត្រូវយកទៅរក្សាទុករយៈពេល ០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។  នៅថ្ងៃដដែល បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអាវុធហត្ថខណ្ឌដង្កោ បានបន្តចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី២កន្លែង ក្នុងភូមិសាស្ត្រខណ្ឌដង្កោ គឺនៅចំណុចផ្លូវបេតុងកែងផ្សារថ្នល់បត់ ភូមិថ្មីសង្កាត់ដង្កោ និងចំណុចផ្លូវបេតុង ផ្ទះលេខ៧២៣ ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភំ្នពេញ និងបានចាប់យកវត្ថុតាង រួមមាន៖ ម៉ាសុីនជក់ចម្រុះម៉ាក ចំនួន ២០៩ ម៉ាសុីន ក្បាលជក់ចម្រុះម៉ាក ចំនួន ១០៥ក្បាល ទឹកVape (វេប) ចំនួន ២ដប , YOOZ ចំនួន០២ប្រអប់, ខ្សែពាក់កមួយចំនួនទៀត ព្រមទាំងឃាត់ខ្លួនម្ចាស់ទីតាំងទាំង០២កន្លែង នាំយកមកអង្គភាព ដើម្បីចាត់ការតាមនីតិវិធីច្បាប់ រីឯនិងអ្នកប្រើប្រាស់បារីអេឡិចត្រូនិច ០១នាក់ ត្រូវបានអប់រំណែនាំ និងធ្វេីកិច្ចសន្យា រួចអោយឪពុកម្តាយមកធានាអោយត្រឡប់ទៅផ្ទះវិញ ដែលករណីដូចគ្នានេះ អាវុធហត្ថរាជធានីភ្នំពេញ តែងធ្វើការទប់ស្កាត់ និងបង្ក្រាបជាបន្តបន្ទាប់ជាច្រើនករណីមកហើយ៕
មុនពន្លះអ្នករិះគន់ដែលបារម្ភរឿងចាត់ចែងជំនួយសប្បុរសធម៌មិនបានត្រឹមត្រូវកាលពីព្រឹកម៉ិញ ស្រាប់តែនៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដដែលនេះ ប៉ីប៉ីឌី បានបង្ហើបពីគម្រោងជួយដល់គ្រួសារយុទ្ធជនពលីក្នុងសមរភូមិជួរមុខនូវទឹកប្រាក់ដែលខ្លួនទទួលបានពីសប្បុរសជន។ បើតាមអ្នកជំនួញអនឡាញ និងជាតារាសម្ដែងល្បីឈ្មោះរូបនេះ ទឹកប្រាក់សរុបដែលទទួលបានពីសម្បុរសជនតាមរយៈការអំពាវនាវរបស់លោក គិតត្រឹម​រសៀល​ថ្ងៃ​ទី២៩ ខែ​កក្កដា នេះ គឺមានជាង ៨០ប៉ឺនដុល្លារ។ រូប​លោក​កំពុងរៀបចំ ថវិកាសម្រាប់ផ្ដល់ជូនគ្រួសារពលី...
 “RAPPER FIGHTER” រដូវកាលទី២ ឆ្នាំ២០២៥ ប្រកាសបើកទទួលបេក្ខជនជាផ្លូវការ ជាមួយនឹងការបង្ហាញវត្ដមានផលិតករ និងគ្រូបង្រឹកវ័យក្មេងល្បីៗ។ កម្មវិធីកម្សាន្ដបែបយុវវ័យ ដែលបង្កើតឡើងដោយកូនខ្មែរមួយនេះ ត្រូវបានគេមើលឃើញថា ជាផ្នែកមួយជួយលើកកម្ពស់វិស័យរ៉េបនៅកម្ពុជា ស្របពេលដែលយុវវ័យកាន់តែច្រើនឡើងបានបង្ហាញការពេញចិត្ដលើវិស័យនេះ ប៉ុន្ដែពួកគេលាក់ទុកសមត្ថភាព និងទេពកោសល្យរបស់ខ្លួនដោយពុំសូវមានឱកាសបង្ហាញជាសាធារណៈទៅកាន់មហាជន។ តាមរយៈសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥...
ក្រុមហ៊ុន(OCIC) មានក្ដីសោមនស្សគាំទ្រការប្រគំតន្ត្រី “Rise for Khmer” ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ កម្មវិធីនេះមានវត្តមានសិល្បករ សិល្បការិនីល្បីៗពីផលិតកម្មបារមី រួមមានលោក VANNDA, កញ្ញា SUZANA, លោក...