ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នេះ ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម កើត រិទ្ធឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥ ដោយមានគណៈប្រតិភូអមរួមមាន៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសមាសភាពពីទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងយុត្តិធម៌។ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺត្រូវបានរៀបចំឡើងក្នុងគោលបំណងកំណត់អំពីវិធានផ្នែកព្រហ្មទណ្ឌដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅចូលរួមថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ។ ជាលទ្ធផល អង្គព្រឹទ្ធសភា បានអនុម័តឱ្យយោបល់យល់ព្រមទាំងស្រុងដោយឥតកែប្រែលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសំឡេង ៥៨សំឡេងនៃសមាជិកព្រឹទ្ធសភាទាំង ៥៨រូប ដែលមានវត្តមានក្នុងកិច្ចប្រជុំព្រឹទ្ធសភានេះ៕
ព័ត៌មានជាតិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ ពីប្រទេសថៃចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ។ ខ្ញុំបានចេញបទបញ្ជាឱ្យ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស ថេតអគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្រាវជ្រាវករណីនេះឱ្យបានច្បាស់លាស់។ ប្រសិនជាមានករណីនេះពិតប្រាកដមែន ត្រូវស្រាវជ្រាវឱ្យឃើញមុខសញ្ញាពាក់ព័ន្ធទាំងអស់ ហើយត្រូវចាត់វិធានការច្បាប់ឱ្យបានតឹងរឹងបំផុត។ ប្រសិនជាមានពាក់ព័ន្ធជាមួយក្រុមហ៊ុនប្រេងណាមួយ ត្រូវដកអាជ្ញាប័ណ្ណ។ ប្រសិនជាមានពាក់ព័ន្ធជាមួយមន្ត្រីរាជការ ឬកងកម្លាំងប្រដាប់អាវុធកម្ពុជា ត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌជាកំហិត មិនថាបុគ្គលនោះមានតួនាទី ឬឋានន្តរស័ក្តិប៉ុណ្ណាទេ។ សូមរំលឹកថា កម្ពុជាបានផ្អាកការទិញប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទ ពីប្រទេសថៃចាប់តាំងពីខែមិថុនាឆ្នាំ២០២៥ ហើយក៏មិនមានការចាំបាច់ក្នុងការនាំប្រេងចូលពីប្រទេសថៃទៀតដែរ ដោយកម្ពុជាមានប្រភពប្រេងពីប្រទេសផ្សេងៗគ្រប់គ្រាន់ហើយ»៕
នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ...
នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅវិមានសន្តិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនៃជំនួបនេះ...
ឧត្ដរមានជ័យ៖ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីប្រគល់ជូនដល់បងប្អូនវីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅទិសទី៣ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ឯកឧត្ដម ហ៊ុន ម៉ានី បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនវីរកងទ័ព និងគ្រួសារទ័ពទាំងអស់។ សកម្មភាពនេះមិនត្រឹមតែជាការផ្តល់ជំនួយសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្សារភ្ជាប់ទំនាក់ទំនងរវាង “សមរភូមិក្រោយ និងសមរភូមិមុខ” ឲ្យកាន់តែជិតស្និទ្ធនិងរឹងមាំថែមទៀត៕
ជាប្រសាសន៍ចាប់ផ្តើមក្នុងពិធីបិទកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានពាំនាំព្រះរាជសុវណ្ណីផ្តាំសួរសុខទុក្ខ និងកោតសរសើរពី សម្តេចព្រះមហាក្សត្រី ព្រះវរាជមាតាជាតិខ្មែរ នរោត្តម មុនិនាថសីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រមទាំងប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងកោតសរសើរពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានស្ម័គ្រចិត្តចូលរួមក្នុងបុព្វហេតុមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាកន្លងមក។ បន្ថែមពីលើនេះ លោកជំទាវបណ្ឌិតក៏បានថ្លែងអំណរគុណលោកស្រី Dorsa Nazami-Salman ប្រធានបេសកកម្មគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) ដែលតែងផ្តល់កិច្ចសហប្រតិបត្តិការល្អ ការរួមសុខរួមទុក្ខ និងការគាំទ្រផ្សេងៗ ដើម្បីជួយជំរុញដល់កាកបាទក្រហមកម្ពុជា។ ជាលទ្ធផលនៃកិច្ចប្រជុំ លោកជំទាវបណ្ឌិត បានឯកភាពលើទិសដៅការងារបន្តរបស់អង្គប្រជុំជូនគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិ មានដូចជា (១) អភិបាលកិច្ចល្អ ក្នុងការកំណត់តួនាទីភារកិច្ចយ៉ាងច្បាស់លាស់ (២)ការពង្រឹងតម្លាភាព និងគណនេយ្យភាព ដើម្បីជាដើមទុននៃការជឿទុកចិត្ត (៣)ការបន្តរៀនសូត្រ និងកែលម្អជានិច្ច (៤)កាតព្វកិច្ចក្នុងការរក្សាសុវត្ថិភាពការងារ(៥)ការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ និង(៦)ទិវា ៨ ឧសភា គឺជាចលនាមនុស្សធម៌ដ៏ផុលផុស។
នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨និង២៥នាទីព្រឹក ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ លើការគោរព និងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួម ក្រោយបទឈប់បាញ់ចូលជាធរមាន។...
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិស្ដីពីទស្សនកិច្ចរបស់អង្គទូតទៅកាន់តំបន់ព្រំដែនក្នុងខេត្តពោធិ៍សាត់ចុះបានឲ្យដឹងថា នៅថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិបានដឹកនាំអង្គទូតនិងតំណាងអង្គការអន្តរជាតិប្រចាំព្រះរាជាណាចក្រកម្ពុជាទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ ដែលស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ គណៈប្រតិភូបានចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយពលរដ្ឋភៀសសឹកកម្ពុជាចំនួន៧៦គ្រួសារដែលកំពុងរស់នៅក្នុងជំរំស្នាក់នៅបណ្តោះអាសន្នក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នៅក្នុងស្រុកវាលវែង ចាប់តាំងពីមានការប្រយុទ្ធគ្នានៅក្នុងខែធ្នូ ឆ្នាំ២០២៥ និងដែលមិនទាន់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួន ដែលស្ថិតក្នុងតំបន់ដែលកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងកម្លាំងថៃ។ បន្ទាប់មក គណៈប្រតិភូបានចុះពិនិត្យស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនជ័យជំនះ(ច្រកទ្វារព្រំដែនថ្មដា) ក្នុងឃុំថ្មដា ដែលកងទ័ពថៃបានរាយបន្លាលួសនិងដាក់ទូកុងតឺន័រដោយរាប់បញ្ចូលទាំងទូកុងតឺន័រចំនួន៣បន្ថែមទៀតដែលបានដាក់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីបិទផ្លូវជាតិលេខ៥៥ និងបិទផ្លូវចូលផ្ទះសម្បែងនិងដីធ្លីរបស់ពលរដ្ឋភៀសសឹក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនានាដោយប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍របស់កម្ពុជាថាខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្តូរដោយការប្រើកម្លាំងនោះឡើយ៕
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា កន្លងទៅមានបញ្ហាមួយចំនួនបានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជា ដូចជា បញ្ហាឆបោកតាមអនឡាញ ដែលនេះមិនមែនជាបញ្ហាដាច់ដោយឡែករបស់កម្ពុជាទេ។ សម្តេចបញ្ជាក់ថា ដើម្បីបោសសម្អាតបញ្ហានេះ កម្ពុជាត្រូវមានម្ចាស់ការដោយខ្លួនឯង ហើយកម្ពុជាបានប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសScam Online នេះ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ គឺខេត្តស្វាយរៀង ពោធិ៍សាត់កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ដែលជាគម្រោងហិរញ្ញប្បទានដោយថវិកាជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈបញ្ជាការខេត្តដែលបានប្តេជ្ជាចិត្តខ្ពស់ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ហើយធ្វើយ៉ាងណាកុំឱ្យខេត្តស្វាយរៀងមានកេរ្តិ៍ឈ្មោះទៅជាមានបញ្ហាអសន្តិសុខដោយសារបញ្ហា Scam Online ពីព្រោះទាំងសេដ្ឋកិច្ចពណ៌ខ្មៅ និងសេដ្ឋកិច្ចប្រផេះ វាប៉ះពាល់ហើយ ប៉ុន្តែតែត្រូវធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចពណ៌សដើរមុខគេរួមមាន៖ រោងចក្រ សហគ្រាស ដើម្បីបង្កើតឱកាសការងារមិនត្រឹមក្រុងបាវិតមួយនោះទេ គឺពង្រីកវិសាលភាពដល់ខេត្តផ្សេងៗទៀត។ ហើយសេវាគាំទ្រក៏កើតមានទាំងសណ្ឋាគារ ទាំងភោជនីយ៍ដ្ឋានក៏បម្រើឱ្យសេដ្ឋកិច្ចការងារផងដែរ។ ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងជំរុញឱ្យអភិបាលខេត្តស្វាយរៀងគណៈបញ្ជាខេត្ត និងគណៈបញ្ជាការឯកភាព ជាពិសេសនៅខាងក្រុងបាវិត ក្រុងស្រុកទាំងអស់ត្រូវធ្វើយ៉ាងណាបង្កើតរក្សាឱ្យបានសន្តិសុខ សណ្តាប់ធ្នាប់ ព្រោះសន្តិសុខ សណ្តាប់ធ្នាប់នេះពិតជាសំខាន់ដែលពាក់ព័ន្ធទៅដល់រូបភាព កេរ្តិ៍ឈ្មោះរបស់ខេត្ត។ សម្តេចថា បើបញ្ហាសន្តិសុខសុវត្ថិភាពល្អ សណ្តាប់ធ្នាប់ល្អ គឺជាបរិយាកាសបរិស្ថានល្អ ដើម្បីទាក់ទាញអ្នកវិនិយោគ និងបង្កើនវិនិយោគ បង្កើតឱ្យមានក្តីសង្ឃឹម ដែលថា ២០ឆ្នាំទៀត រោងចក្រមិនត្រឹមតែមាននៅក្រុងបាវិតប៉ុណ្ណោះទេ និងកើតមានជុំវិញខេត្តបន្ថែមទៀត។ នេះជាអ្វីដែលយើងត្រូវរួមគ្នាអនុវត្តទាំងអស់គ្នា៕
តាមរយៈបណ្ដាញសង្គមនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ក្នុងបរិបទដែលបណ្តាញសង្គមជាពិសេស facebook និងtiktok ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនាពេលបច្ចុប្បន្ននិងជាមធ្យោបាយទទួលព័ត៌មានមួយយ៉ាងសំខាន់, មានក្រុមនិងប្រភពព័ត៌មានមួយចំនួនដែលមានមូលដ្ឋានពីក្រៅប្រទេស កំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានបំភ្លៃ និងព័ត៌មានបំផ្លើសដោយមានចេតនាបង្កការភាន់ច្រឡំជាពិសេសទាក់ទងនឹងសភាពការណ៍នៅតាមខេត្តបណ្តោយព្រំដែន បង្កភាពចលាចលក្នុងសង្គមនិងប៉ះពាល់ដល់ស្ថិរភាពសាធារណៈនិងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម នេត្រ ភក្រ្តា ក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវជឿ មិនត្រូវចែករំលែកនិងមិនត្រូវធ្វើការសន្និដ្ឋានលើព័ត៌មានណាមួយដែលមិនមានប្រភពច្បាស់លាស់ឬមិនមានការបញ្ជាក់ពីស្ថាប័នផ្លូវការឡើយ ហើយឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជឿជាក់និងតាមដានព័ត៌មានតែពីប្រភពផ្លូវការរបស់រាជរដ្ឋាភិបាលនិងស្ថាប័នមានសមត្ថកិច្ច ដូចជា សេចក្តីប្រកាសផ្លូវការ ស្ថាប័នព័ត៌មានជាតិនិងប្រព័ន្ធផ្សព្វផ្សាយដែលមានវិជ្ជាជីវៈនិងគោរពតាមស្តង់ដារសារព័ត៌មាន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនចូលរួមជាដៃគូក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដោយត្រូវពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានមុននឹងចែករំលែក (Think Before You Share) និងរួមគ្នាការពារបរិយាកាសព័ត៌មានឱ្យមានភាពស្អាតស្អំ តម្លាភាព និងទទួលខុសត្រូវ។ឯកឧត្តមបានសង្កត់ធ្ងន់ថា ការប្រុងប្រយ័ត្នរបស់បងប្អូន គឺជាកម្លាំងសំខាន់ក្នុងការការពារសន្តិសុខព័ត៌មាន ស្ថិរភាពសង្គមនិងផលប្រយោជន៍ជាតិ៕
