August 28, 2026

ព័ត៌មានជាតិ

នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Hans Peter Risser ប្រធានអង្គការ NPA ដោយមានការអញ្ជើញចូលរួមជាសាក្សីពីសំណាក់លោកស្រី Kelly Saltzman សហការីផ្នែកនយោបាយ នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងអង្គការ NPA ក្រោមគម្រោង“ការពារអាយុជីវិតនិងឆ្ពោះទៅលុបបំបាត់ផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា” តាមរយៈការអនុវត្តគម្រោងកម្មវិធីការស្រាវជ្រាវនិងបោសសម្អាតគ្រាប់បែកចង្កោមការបោសសម្អាតមីននិងការដោះស្រាយការគំរាមកំហែងដែលនៅសេសសល់សម្រាប់រយៈពេល១៨ខែ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៧ ដែលមានថវិកាគាំទ្រគម្រោងសរុបចំនួន៥លានដុល្លារអាម៉េរិកដែលក្នុងនោះអង្គភាព CMAC បានទទួលថវិកាចំនួន៤លានដុល្លារអាម៉េរិក តាមរយៈអង្គការ NPA និងអង្គការ NPA បានទទួលថវិកាចំនួន១លានដុលា្លរអាម៉េរិក។ គម្រោងនេះជួយគាំទ្រកម្លាំងជំនាញអង្គភាព CMAC ចំនួនប្រមាណជិត ៣០០នាក់ក្នុងកងឯកភាពកំចាត់មីនចំនួន២នៅទិសខេត្តត្បូងឃ្មុំនិងទិសខេត្តឧត្តរមានជ័យដែលទទួលបន្ទុកប្រតិបត្តិការដោយផ្ទាល់។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហេង រតនា បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចធិបតី នាយករដ្ឋមន្រ្តី ដែលបានគាំទ្រគម្រោងដ៏មានសារៈសំខាន់នេះនិងសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ប្រធានាធិបតី Donald J Trump រដ្ឋាភិបាលនិងប្រជាជនសហរដ្ឋអាម៉េរិក ជាពិសេសអង្គការ NPA ដែលបានបន្តគាំទ្រយ៉ាងសកម្មដល់សកម្មភាពមីននិងការអភិវឌ្ឍន៍នៅកម្ពុជា។ ក្នុងស្មារតីសប្បុរសធម៌ការគាំទ្រដ៏ថ្លៃថ្លានិងការប្តេជ្ញាចិត្តប្រកបដោយឆន្ទៈមោះមុតទាំងនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់ដើម្បីឱ្យអង្គភាព CMAC អាចបន្តបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តមនេះដើម្បីសង្គ្រោះអាយុជីវិតនិងរួមចំណែកក្នុងការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើននិងប្រកបដោយចីរភាព។ សូមជម្រាបថា គម្រោងនេះមានគោលបំណងលុបបំបាត់ហានិភ័យបង្កដោយគ្រាប់មីននិងសំណល់ជាតិផ្ទុះឱ្យមានប្រសិទ្ធភាព ស្តារជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍ដែលរងផលប៉ះពាល់ ជំរុញដល់កំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សុខុមាលភាព។ សូមបញ្ជាក់ថា សង្គ្រាមសៀមឈ្លានពានក្នុងឆ្នាំ២០២៥ កន្លងទៅនេះបានបង្កឱ្យមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជាដោយសារគ្រាប់បែកចង្កោម គ្រាប់បែកទម្លាក់ពីយន្តហោះ/ដ្រូន គ្រាប់អាវុធសារធាតុគីមី និងគ្រាប់យុទ្ធភណ្ឌទូទៅ គំរាមកំហែងសុខសុវត្ថិភាពលេីផ្ទៃដីចំនួនប្រមាណ៤៤១.៥៩៥ហិកតា ក្នុងភូមិសាស្ត្រនៃភូមិចំនួន៣៤០ មានចំនួនជាង ៩១.៤១១គ្រួសារ ស្មេីនឹងមនុស្សរាយជិត៣៦៤,៦៩៤នាក់ ក្នុង៧ខេត្តតាមបណ្តោយព្រំដែនកម្ពុជា-សៀម។ គម្រោងនេះត្រូវអនុវត្តដោយផ្តោតជាសំខាន់នៅខេត្តឧត្តរមានជ័យ ដែលមានផ្ទៃដីសង្ស័យរងផលប៉ះពាល់ចំនួន៤០.៤០០ហិកតា ស្ថិតក្នុងភូមិចំនួន១៤៥។ ទន្ទឹមនឹងជំនួយនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកក៏បានផ្តល់ការគាំទ្រលេីការងារសម្ភារបច្ចេកទេសនិងពង្រឹងសមត្ថភាពធនធានមនុស្សផងដែរ។
បន្ទាប់ពីបានដំណើរការរយៈពេលមួយថ្ងៃកន្លះ គិតចាប់ពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ម្សិលមិញ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញបូកសរុបលទ្ធផលសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ។ ខ្លឹមសារសំខាន់ៗ នៃលទ្ធផលសន្និបាតនេះ នឹងត្រូវបានប្រមុខក្រសួងមហាផ្ទៃកម្ពុជា គោរពរាយការណ៍ជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលសម្ដេច នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទសន្និបាត នារសៀលថ្ងៃដដែលនេះ។  ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរវាគ្មិន ទាំង១១រូប ដែលបានធ្វើបទអន្តរាគមន៍ និងចែករំលែកមេរៀនបទពិសោធល្អៗលើកិច្ចការសំខាន់ៗជូនអង្គសន្និបាត។ ឯកឧត្តមអភិសន្តិបណ្ឌិត បានគាំទ្រនិងឯកភាពចំពោះខ្លឹមសារ នៃបទអន្ដរាគមន៍ និងការចែករំលែកបទពិសោធ ពិសេសការលើកឡើងអំពីបញ្ហាប្រឈម សំណើដំណោះស្រាយនានា ពីរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឯកឧត្តម បានណែនាំឱ្យបន្តអញ្ជើញវាគ្មិនសំខាន់ៗ និងជ្រើសរើសប្រធានបទល្អៗ សម្រាប់សន្និបាតឆ្នាំបន្តបន្ទាប់ទៀត។  នាឱកាសបូកសរុបលទ្ធផលសន្និបាតនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់ការតម្រង់ទិសបន្ថែមជូនអង្គសន្និបាត លើប្រធានបទពាក់ព័ន្ធការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន ការបង្ការ ទប់ស្កាត់និងការបង្ក្រាបក្រុមក្មេងទំនើង ការផ្តល់សេវាតាមអង្គភាពច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ដល់ឯកសារអត្ដសញ្ញាណកម្មជូនប្រជាពលរដ្ឋខ្មែរ ការគ្រប់គ្រងវត្ដមានជនបរទេសនៅកម្ពុជា ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងយុទ្ធសាស្ត្រអភិវឌ្ឍតាមតំបន់ជាប់ព្រំដែន។  ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានផ្ដល់ការតម្រង់ទិស បន្ថែមជូនអង្គសន្និបាត លើការងារពាក់ព័ន្ធការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូល ៥លានដុល្លារចុះក្រោម ការលើកកម្ពស់ស្ដ្រី ក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិការគ្រប់គ្រង និងការដោះស្រាយបញ្ហាប្រឈម ក្នុងគ្រាអាសន្ន ការសម្រុះសម្រួល និងដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ ការគ្រប់គ្រងនិងការអនុវត្តរចនាសម្ព័ន្ធ និងមុខងាររបស់រដ្ឋបាលក្រុង ស្រុក ការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។  ជាការកត់សម្គាល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំអង្គសន្និបាត ត្រៀមលក្ខណៈត្រងត្រាប់ស្ដាប់ និងកត់ត្រាទុក បទបញ្ជា គោលការណ៍ណែនាំ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃនៅរសៀលនេះ៕
(AKP) លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា ប្រធានកងឯកភាពកំចាត់មីនទី១ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ធ្វើបទបង្ហាញទីតាំងរងផលប៉ះពាល់ដោយសារទម្ងន់គ្រាប់ផ្លោង និងគ្រាប់ទម្លាក់ពីយន្តហោះ រួមទាំងគ្រាប់បែកចង្កោមរបស់យោធាថៃ មកលើតំបន់ស៉ីវិលកម្ពុជា ស្ថិតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦។ លោកបានបន្ថែមថា...
ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ប៉ាង លីដា អភិបាលរង នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នឹងធ្វើបទបង្ហាញចែករំលែកបទពិសោធ ជូនអង្គសន្និបាត អំពីប្រធានបទស្ដីពីការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសបទពិសោធនៃការស្ដាររំដោះប្រឡាយលូ...
សម្តេចធិបតី បន្តជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សាល (ហៅវត្តគីឡូលេខ៨) ចំនួន១២៨២គ្រួសារនិងនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែចំនួន៧៧៤គ្រួសារ។ គោលការណ៍​អាទិភាពរបស់រាជរដ្ឋាភិបាល​កម្ពុជា​ មាន២​ គឺ​ ការពារទឹកដី​ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ដូចនេះអ្វីៗដែលយេីងបាននឹងកំពុងធ្វេី​ គឺជាសាក្ខីភាពច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ​ ក្រុមការងារគ្រប់លំដាប់ថ្នាក់​ ពិសេសអាជ្ញាធរមូលដ្ឋានបានប្រេីប្រាស់កម្លាំងសរុបរួមគ្នា​ គ្រប់យន្តការ​ សំដៅធានាដល់ការបម្រេី​ និងផ្តល់ជម្រកសុវត្ថិភាព​ជូនដល់ប្រជាពលរដ្ឋ​ ហេីយនឹងឈានឆ្ពោះទៅស្តារឡេីងវិញឱ្យបានល្អប្រសេីរ។  ខេត្តព្រះវិហារ ថ្ងៃសៅរ៍ ទី៣១ មករា ២០២៦
សូមថ្លែងអំណរគុណដល់ក្រុមការងារ​ ក្រសួងពាក់ព័ន្ធ​ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត​ សប្បុរសជន​ អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាព​ ផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បានស្នាក់នៅបណ្តោះអាសន្នឱ្យមានសុវត្ថិភាព​ និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។  រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលរងការខូចខាត។ ទី១- សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យជនភៀសសឹក អាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ បាននិងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះ មានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឱ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះ។ ជាមួយការសម្រួលការវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូន រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែននេះ។ ទី២-ចំពោះបងប្អូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារស្ថានភាពមិនទាន់អំណោយផល ចំពោះមុខនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងគិតគូរពង្រឹងលើជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងមានភាពប្រសើរជាងបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកំពុងពិនិត្យផ្តល់នូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជួយបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងកំលុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ។  ទី៣-ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាតមានជាអាទិ៍សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនីទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង។ខេត្តព្រះវិហារថ្ងៃសៅរ៍ ទី៣១ មករា ២០២៦
រសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នេះ លោក មុំ ភីរិទ្ធ អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបាត់ដំបង ជាតំណាងលោក គង់ ធី ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបាត់ដំបង និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកា ចំនួន ២០ម៉ឺនរៀល ប្រគល់ជូនលោកស្រី វន ស្រីនិច អនុប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តបាត់ដំបង ដែលកំពុងសម្រាកសម្រាលកូន នៅគេហដ្ឋាន ក្នុងភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាយប្រហារមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់...
(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី០៥.០១.២០២៦ បានដាក់ពាក្យបណ្តឹងទៅកាន់ ឧត្តមស្នងការ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ។ដោយទាមទារឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងម៉ឺងម៉ាត់ ចំពោះការរំលោភសិទ្ធិមានលំនៅឋាន និងសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិឯកជន របស់ប្រជាពលរដ្ឋកម្ពុជា ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចយកទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំ ពីកងកម្លាំងយោធាថៃ៕
ពលករខ្មែរដែលធ្វើការងារនៅប្រទេសថៃ បន្ដសម្រុកចូលមកស្រុកកំណើត ក្នុងប្រទេសកម្ពុជាវិញ។ សម្រាប់ច្រកទ្វារអន្ដរជាតិព្រំ ខេត្ដប៉ៃលិន និងបានឡែម​ ខេត្ដបាត់ដំបង​ ជាប់ខេត្ដច័ន្ទបុរី ថៃ កំពុងកកកុញដោយពលករខ្មែរ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នេះ។ សេចក្ដីរាយការណ៍ពីកាសែតថៃ បានឲ្យដឹងនៅមុននេះថា ពលករខ្មែរកំពុងកកស្ទះនៅច្រកទ្វារចាន់បុរី...